ស្វាយរៀង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ ចំនួន ៩ តូប នៅផ្សារវាលយន្ត ខេត្តស្វាយរៀង ដោយមន្ត្រីជំនាញបានដកហូតយកគំរូ ចំនួន ៩ គំរូ មកធ្វើតេស្តបឋមមានដូចជា៖ មឹក បង្គា ណែម បង្អែម សរសៃគុយទាវ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃពុធ ទី២ ខែមករា ឆ្នាំ២០១៩ ។
ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសម្បកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល នៃការត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព មួយចំនួនដូចជា៖ ទឹកក្រូចម៉ាកហ្វាន់តា ចំនួន ៣ ដបទឹកក្រូចម៉ាកស្ទីង ចំនួន ១៧ កំប៉ុង។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ ដើម្បីយកមកកម្ទេចចោលភ្លាមៗផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ។
នៅថ្ងៃដដែលនោះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ៨ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារច្បារអំពៅ ផ្សារជម្ពូវ័ន។ គោលដៅសំខាន់ នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ ប្រហិតសាច់គោ ម៉ាំសាច់ត្រី យីហ៊ឺ ប្រហុកសាច់(ត្រីរ៉ស់) ផ្អកពងត្រី និងនំអ៊ី ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសម្បកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅលើគំរូម្ហូបអាហារ និងផលិតផល ដែលបានត្រួតពិនិត្យនោះទេ។ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ។
ចំណែក មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានបន្តធ្វើការត្រួតពិនិត្យទំនិញ និងធ្វើតេស្តបឋម ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញ ដែលខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើ បន្លែ ផ្លែឈើ ចំនួន ១៦មុខ រួមមាន៖ សណ្តែកគួរ សណ្តែកបណ្តុះ ប៉េងប៉ោះ ពពាយ ពុទ្រា ស្ពៃក្តោប ស្ពៃជើងទា ជីវ៉ាន់ស៊ុយ សាឡាត់ ត្រប់ស្រួយ ស្ពៃបូកគោ ត្រកួន ត្រសក់ ខាត់ណា ម្ទេស និងពោតបារាំង ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញមាន សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មលើបន្លែ និងផ្លែឈើទាំងនោះទេ ៕ ដោយ ៖ បញ្ញាស័ក្តិ