ភ្នំពេញ ៖ លោកស្រីហូវ ដាណេ ថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិកនិងឈ្មោះពៅ ស៊ីណាត ជាគ្រូពេទ្យផ្នែកដេរវះកាត់ប្រដាប់ភេទនារីឲ្យដូចហ្ស៊ីន ប្រចាំគ្លីនិកឌែរម៉ូ នៅថ្ងៃទី៤មករានេះ ត្រូវបាន លោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទល្មើស គឺបទគំរាមហែកកេរ្តិ៍ និងបទកំហែងយក និងបទប៉ះពាល់សិទ្ធិខាងរូបភាព នៃបុគ្គល រួចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
នៅព្រឹកថ្ងៃទី៤ ខែមករា ស្ត្រីថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក និងស្ត្រីម្នាក់ទៀត ជាគ្រូពេទ្យផ្នែកដេរវះកាត់ ប្រចាំគ្លីនិក បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនខ្លួនមកតុលាការ ដើម្បីសាកសួរករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សប្រដាប់ភេទ ដើម្បីគំរាមទារប្រាក់ ពីអតិថិជន។
លោកស្រីហូវ ដាណេ ត្រូវបានឃាត់ខ្លួន នាវេលាថ្ងៃត្រង់ថ្ងៃទី ៣ខែមករា ឆ្នាំ២០១៩នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការតាមច្បាប់ ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញថា សកម្មភាព និងចម្លើយសារភាពរបស់ជនសង្ស័យ មានចេតនាទុច្ចរិត ក្នុងការប្រើប្រាស់រូបភាពវីដេអូ ពីសកម្មភាពក្រុមគ្រូពេទ្យវះកាត់ដេរប្រដាប់ភេទអតិថិជនឲ្យរួមតូចដូចហ្ស៊ីន ដើម្បីទុកបង្ខំទារប្រាក់ពីជនរងគ្រោះ ជាថ្នូរនិងការមិនបង្ហោះរូបភាពលើបណ្ដាញសង្គម ហ្វេសប៊ុក ។ ជនរងគ្រោះបានប្តឹង ស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា បានបើកហាងកែសម្ផស្សដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ ( ហ្ស៊ីន ) វិញ ដោយយកតម្លៃ៧០០ដុល្លារក្នុងម្នាក់។ លុះបានផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ ។
សូមជម្រាបថា ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡាដ៍ស្កឹមស្កៃមួយ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ទីតាំងហាងនេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕ ដោយ ៖ រចនា