Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តតាកែវ សម្រេចឃុំខ្លួនលោកវរសេនីយ៍ទោ​ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពីបទ “ស៊ីសំណូក និងរំលោភអំណាច​“

តាកែវ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណី ស៊ីសំណូក, រំលោភអំណាចនិងសូកប៉ាន់ ដោយសម្រេចឃុំខ្លួនលោកវរសេនីយ៍ទោ​ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៧៩ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន ០២នាក់៖ ១.ឈ្មោះ សុខ សង្ខា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ (មានខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ស៊ីសំណូក និងរំលោភអំណាច ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២, មាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និង២.ឈ្មោះ សុខ គា ហៅ សេង សុខគា ភេទប្រុស អាយុ ៣៦ឆ្នាំ (កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត កណ្តាល) ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់ ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅលើជនត្រូវចោទឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ ៣៨ឆ្នាំ (មានខ្លួន) នៅពន្ធនាគារខេត្តតាកែវ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×