Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ច បង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសបានចំនួន៩០ករណី និងឃាត់ខ្លួនមនុស្សចំនួន២៨៩នាក់

រាជធានីភ្នំពេញ៖ ក្នុងរយៈពេលមួយខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសបានចំនួន៩០ករណី និងឃាត់ខ្លួនមនុស្សសរុបចំនួន២៨៩នាក់ ស្រី២៧នាក់។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាប អ្នកពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌមាន៥១ករណី ស្មើនឹង១៧៦នាក់ ស្រី១៧នាក់ ដោយអ្នកទាំងនោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ អ្នកពាក់ព័ន្ធមួយចំនួនទៀត សមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៣៩ករណី ស្មើ១១៣នាក់ និងស្រីចំនួន១០នាក់។

អ្នកនាំពាក្យរង លោក ទូច សុឃៈ បានបន្ថែមឱ្យដឹងថាក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចក៏បានបង្ក្រាបករណីអ្នកងប់ងល់នឹងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅទូទាំងប្រទេស ចំនួន៦២ករណី ដោយឃាត់ខ្លួនមនុស្សចំនួន១៤៩នាក់ មានស្រី៥៧នាក់ រួមទាំងវត្ថុតាងមានជាអាទិ៍ម៉ូតូ១៧គ្រឿង កុំព្យូទ័រ៥គ្រឿង និងសម្ភារផ្សេងមួយចំនួនទៀត។ លោកបានឱ្យដឹងទៀតថា ក្នុងចំណោមការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១៨ករណី មានមនុស្ស៤៥នាក់ ស្រី២០នាក់ និងអនុវត្តលើវិធានការរដ្ឋបាលចំនួន៤៤ករណី មានមនុស្ស ១០៤នាក់ ស្រី៣៧នាក់។

លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ក្នុងខែមិថុនាកន្លងទៅនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពល្បែងស៊ីសង បានលេចឡើងមិនត្រឹមតែជាលក្ខណៈប្រពៃណី ដូចជាលេងបៀ អាប៉ោង ជល់មាន់ ឬចាក់កន្ទុយលេខនោះទេ ពោលគឺក្រុមមេល្បែង ពួកកាងល្បែងបានប្រើវិធីសាស្រ្តអូសទាញមនុស្សឱ្យលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការទូទាត់ប្រាក់ឈ្នះចាញ់ល្បែងបានធ្វើឡើងយ៉ាងងាយស្រួលតាមមធ្យោបាយធនាគារ។

ដើម្បីជម្នះនិន្នាការបែបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំ និងតម្រង់ទិសជាប្រចាំ ឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួន អ្នកពាក់ព័ន្ធយកមកផ្តន្ទាទោស និងអនុវត្តវិធានការស្របតាមច្បាប់។ ដោយឡែកសម្រាប់ករណីក្រុមក្មេងទំនើង បន្ថែមលើកបទបញ្ជាឱ្យបង្ក្រាបយ៉ាងមុឺងម៉ាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហើបពីការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦ ដោយព្រលយថា ច្បាប់នេះក៏នឹងក្លាយជាយន្តការកាត់បន្ថយក្មេងទំនើងពីក្នុងសង្គមផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×