ភ្នំពេញ ៖ មន្ត្រីតុលាការបញ្ជាក់ថា លោកស្រី ហូវ ដាណេ អគ្គនាយិកា មជ្ឈមណ្ឌលកែសម្ផស្ស ឌែម៉ូគ្លីនិក និងឈ្មោះ ពៅ ស៊ីណាត ជាគ្រូពេទ្យផ្នែកដេរ វះកាត់គ្រឿងក្រោម ប្រចាំគ្លីនិកឌែម៉ូ ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ គំរាមហែកកេរ្តិ៍ បទកំហែងយកនិងបទប៉ះពាល់សិទ្ធិ ខាងរូបភាពនៃបុគ្គល រួចបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។
ក្រោយព្រះរាជអាជ្ញាសម្រេចចោទប្រកាន់រួចហើយនោះ ស្ត្រីថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក អ្នកស្រី ហូវ ដាណេ និងស្ត្រីម្នាក់ទៀត ដែលជាគ្រូពេទ្យផ្នែកដេរ វះកាត់ប្រដាប់ភេទ ប្រចាំគ្លីនិក នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ ត្រូវបានបញ្ជូនខ្លួនទៅឲ្យសមត្ថកិច្ចអាវុធហត្ថវិញ ដោយរង់ចាំបន្ដការសួរនាំ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្ដនីតិវិធី នៅថ្ងៃទី៥មករា។
សូមរំលឹកថាស្ត្រី អ្នកស្រីអគ្គនាយិកា មជ្ឈមណ្ឌលកែសម្ផស្ស ឌែម៉ូគ្លីនិក និងស្ត្រីម្នាក់ទៀត ជាគ្រូពេទ្យផ្នែកដេរវះកាត់ គ្រឿងក្រោមប្រចាំគ្លីនិក បានត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី៤ ខែមករា ដើម្បីសាកសួរករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្ម កែសម្ផស្សដើម្បីគំរាមទារប្រាក់ ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានអោយដឹងថា អ្នកស្រីអគ្គនាយិកា ត្រូវបានឃាត់ខ្លួន នាវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ច ពិនិត្យឃើញថា សកម្មភាព និងចម្លើយសារភាពរបស់ជនសង្ស័យ មានចេតនាទុច្ចរិត ក្នុងការប្រើប្រាស់រូបភាព វីដេអូ ស្ដីពីសកម្មភាពក្រុមគ្រូពេទ្យវះកាត់ ដេរប្រដាប់ភេទ អតិថិជនដើម្បីទុកបង្ខំទារប្រាក់ ពីជនរងគ្រោះជាថ្នូរ និងការមិនបង្ហោះរូបភាព លើបណ្ដាញសង្គម ហ្វេសប៊ុក ។
ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះបានប្តឹងស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា បានបើកហាងកែសម្ផស្សដោយផ្តល់សេវាកម្មកែសម្ផស្ស ចាក់ថ្នាំឲ្យស និងដេរប្រដាប់ ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ ( ហ្ស៊ីន ) វិញ ដោយយកតម្លៃ៧០០ដុល្លារ ក្នុងម្នាក់។ លុះបានផ្តល់សេវារួចរាល់ ស្រាប់តែមានវិក័យបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ ។
ពេលនោះជនរងគ្រោះបានតវ៉ាលើសេវាផ្សេងៗ ដោយសុំបង់លុយត្រឹម២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យ មិនយល់ព្រម ហើយបានទាមទារ ៨០០០ដុល្លារ បើមិនបាន ៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូ លើបណ្តាញសង្គមហ្វេសប៊ុក ឲ្យខ្មាស់គេ អំពីរូបភាពជនរងគ្រោះកំពុងទទួលសេវាដេរ ឬកែប្រដាប់ភេទ ។ ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះដាក់ពាក្យប្តឹងទៅការិយាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យចាប់ខ្លួនស្ត្រីសង្ស័យតែម្តង៕ ដោយ ៖ រចនា