រាជធានីភ្នំពេញ ៖ នៅ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីមន្ទីរពិសោធន៍ លោកអភិបាលរងខណ្ឌព្រែកព្នៅ មន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរពាណិជ្ជម្ម រាជធានីភ្នំពេញ បានចុះពិនិត្យសិប្បកម្ម ផលិតអំបិលអ៊ីយ៉ូត ចំនួន ២ ទីតាំង ៖
១/. សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យ និងពិសោធន៍ឃើញមាន៖ អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ៩០ PPM (លើសអ៊ីយ៉ូត) អំបិលគ្រោះគ្មានជាតិអ៊ីយ៉ូត ។ ក្រោយពីការត្រួតពិនិត្យឃើញថា សិប្បកម្មនេះពុំមានច្បាប់ត្រឹមត្រូវ និងគ្មានអនាម័យត្រូវបានគណៈមន្ត្រីជំនាញ សម្រេចឱ្យផ្អាកដំណើរការជាបណ្តោះអាសន្ន និងឱ្យម្ចាស់សិប្បកម្ម បំពេញបែបបទស្នើសុំច្បាប់ អនុញ្ញាត និងរៀបចំសង្វាក់ផលិតកម្ម ឱ្យមានអនាម័យឱ្យបានល្អ។
២/. សិប្បកម្មផលិតអំបិលអ៊ីយ៉ូត ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញមាន៖ អំបិលអ៊ីយ៉ូតម៉ត់មានជាតិអ៊ីយ៉ូត ២០ PPM (ខ្វះជាតិអ៊ីយ៉ូត) អំបិលគ្រោះមានជាតិអ៊ីយ៉ូត ៧០ PPM (លើសអ៊ីយ៉ូត) ក្រោយពីការត្រួតពិនិត្យ ឃើញថាសិប្បកម្មនេះ មានច្បាប់ត្រឹមត្រូវ ហើយបានធ្វើការណែនាំ ដល់ម្ចាស់សិប្បកម្មឱ្យផលិតប្រកបដោយអនាម័យ និងឱ្យដំណើរការធម្មតា ព្រមទាំងយកគំរូមួយចំនួនបញ្ជូន ទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល៕ ដោយ ៖ បញ្ញាស័ក្តិ