ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ កម្មករកម្មការិនីរោងចក្រកាត់ដេរ W&D បន្តធ្វើកូដកម្មបិទផ្លូវ ២១៧ ទៀតហើយ ខណៈដែលដំណោះស្រាយមិនទាន់បានត្រូវគ្នា ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការធ្វើបាតុកម្មនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង១៤ម៉៥នាទី ដោយកម្មករ រោងចក្រកាត់ដេរW & D ស្ថិតនៅក្រុម៤ផ្លូវ២១៧ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ មានជ័យ មានកម្មករ១.៦០០នាក់ បានធ្វើកូដកម្មរឈរ និងអង្គុយបិតផ្លូវទាំងស្រុងលើផ្លូវ២១៧។ ក្នុងថ្ងៃបាតុកម្មដំបូងនោះ ដោយមានការសម្របសម្រួលពីសំណាក់លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន គ្រប់ស្ថាប័ន ទើបកម្មករទាំងអស់បានបើកផ្លូវទាំងស្រុងឲ្យធ្វើចរាចរណ៍ឡើងវិញ ។ ប៉ុន្តែដោយសារតែដំណោះស្រាយ រវាងភាគីទាំងពីរ គឺខាងរោងចក្រ និងកម្មករមិនត្រូវគ្នា ក៏ធ្វើឲ្យកម្មករទាំងនោះ បាននាំធ្វើបាតុកម្មតវ៉ា ជាបន្តបន្ទាប់ នៅថ្ងៃទី២៨ ទី២៩ និងរហូតដល់ព្រឹកថ្ងៃទី៥មករានេះ។
ក្នុងការផ្ទុះកូដកម្ម របស់កម្មករ ដែរធ្វើការតវ៉ា នោះទាមទារ លក្ខខណ្ឌ មាន ២ចំណុចដូចខាងក្រោម : កម្មករ កម្មការិនី បានស្នើឲ្យ ក្រុមហ៊ុន ទូទាត់បង់ផ្តាច់កិច្ចសន្យាចាស់ទាំងអស់ហើយ ចាប់ផ្តើមបន្ត កិច្ចសន្យាថ្មីឡើងវិញ។ កម្មករ កម្មការិនី បានស្នើសុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់ បំណាច់អតីតភាពការងារ (បើកផ្តាច់) ចាប់ពីឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៨ ហើយសុំឲ្យក្រុមហ៊ុនរក្សាអត្ថប្រយោជន៍ផ្សេងៗរនៅដដែល និងរក្សាកាតបុគ្គលិកឲ្យនៅដដែល ។
កម្មករកម្មការិនីរោងចក្រកាត់ដេរ w&d បានធ្វើកូដកម្មមិនធ្វើការ ដោយអង្គុយលេង តាមកន្លែងរៀងៗខ្លួន ខ្លះទៀតឈរខាងក្រៅ អារគារក្នុងបរិវេណរោងចក្រ ដើម្បីទាមទារប្រាក់អតីតការងារគិតពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០១៨ ក្នុងម្នាក់ៗ ៥ភាគរយ ។
ជាលទ្ធផលលោកប្រធានអង្គប្រជុំ បានសម្របសម្រួល ជាមួយក្រុមហ៊ុន និងភាគី តំណាងកម្មករ ឲ្យមានការយោគយល់គ្នា ដោយអាជ្ញាធរសុំឲ្យភាគីថៅកែ យោគយល់ បើកប្រាក់អតីតភាពការងារ ៥ភាគរយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ហើយតំណាងក្រុមហ៊ុន បានទទួលយកសំណើ របស់អាជ្ញាធរខណ្ឌ និងកម្មករ ដាក់ជូនទៅនាយកក្រុមហ៊ុនរោងចក្រ ដើម្បីធ្វើការពិភាក្សាជាមួយមេធាវី ដែលមានសិទ្ធិសម្រេច៕ ដោយ ៖ បញ្ញាស័ក្តិ