តាកែវ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធជាផ្លូវការនូវសមិទ្ធិផលនានាក្នុងវត្តដំណាក់រាជា ដែលស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃ សុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ៖ ការរីកចម្រើនឥតឈប់ឈរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានជំនឿលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ដែលជានិច្ចកាលសម្ដេចបានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិនិងប្រជាពលរដ្ឋ។
ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋជិត១ពាន់នាក់ ដែលបានចូលរួមនៅក្នុងពិធីសម្ភោធនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈប្រវត្តិសាស្ត្របានបង្ហាញថា ប្រទេសកម្ពុជាយើង ប្រជាពលរដ្ឋខ្មែរយើងបានបានរងការឈឺចាប់អស់រាប់សតវត្សរ៍មកហើយដោយសារសង្គ្រាមបង្ហូរឈាមរវាងប្រទេសជិតខាងនិងសង្គ្រាមរវាងខ្មែរគ្នាឯង។ នៅដើមទសវត្សរ៍ទី៧០ មានអ្នកនយោបាយមួយក្រុម បានទៅពឹងបរទេសឲ្យមកជួយក្រុមខ្លួនទីបំផុត ប្រទេសនិងប្រជាពលរដ្ឋខ្មែរ ត្រូវបានរងគ្រោះដោយសារការទំលាក់គ្រាប់បែករបស់បរទេសនិងចុងក្រោយប្រទេសបានធ្លាក់ចូលទៅក្នុងរបបកាប់សំលាប់ប្រល័យពូជសាសន៍។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា ទើបតែនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ទើបប្រទេសយើងបានទទួលសុខសន្តិភាពទូទាំងប្រទេសតាមរយៈគោលនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន ។ ប្រទេសមានសុខសន្តិភាពនេះហើយទើបធ្វើឲ្យយើងមានឱកាសអភិវឌ្ឍន៍ប្រទេសបណ្ដើរៗនិងធ្វើឲ្យបងបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារទ្វេឡើងតាមរយៈការគៀងគរអ្នកវិនិយោគក្នុងស្រុកនិងបរទេសឲ្យចូលមកបណ្ដាក់ទុនបង្កើតការងារឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៏បន្ថែមថា ៖ ក៏ប៉ុន្តែជាការឲ្យសោកស្ដាយខ្លាំងណាស់នៅពេលដែលប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាសាន្ត ស្រាប់តែមានក្រុមអ្នកនយោបាយខ្លះដែលអួតខ្លួនថា ជាអ្នកស្នេហាជាតិ ស្រលាញ់ប្រជាពលរដ្ឋ បែជាទៅពឹងពាក់បរទេសនិងអំពាវនាវឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជាទៅវិញ។
ប្រទេសជាតិបែកបាក់ ខ្វះការរូបរួមគឺដោយសារតែមានអ្នកនយោបាយមួយចំនួនតូចឆ្លៀតឱកាសញុះញង់និងចង់ឲ្យបរទេសគាបសង្កត់ធ្វើបានប្រទេសជាតិខ្លួននិងប្រជាពលរដ្ឋទៅវិញ។ តែផ្ទុយទៅវិញអ្នកនយោបាយសាងអំពើបាបបែបនេះ បានរងគ្រោះខ្លួនឯងទៅវិញ តាមរយៈការប្រេះឆានៅក្នុងបក្សរបស់ខ្លួននិងការមិនទុកចិត្តគ្នានៅក្នុងក្រុមរបស់ខ្លួន។
បើតាមឯកឧត្តម ហ៊ុន ម៉ាណែត ដរាបណាសម្ដេចតេជោ ហ៊ុន សែន នៅបន្តដឹកនាំប្រទេសដោយសារតែការបោះឆ្នោតគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ដរាបនោះប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារជាពិសេសប្រទេសកម្ពុជាកាន់តែមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិថែមទៀតជាក់ជាពុំខាន៕ ដោយ ៖ តាកែវ