ភ្នំពេញ ៖ ស្ត្រីម្នាក់ បានយកក្មេងស្រីម្នាក់ អាយុ១៧ឆ្នាំមកចិញ្ចឹមទុកដូចជាកូន និងទំនុកបម្រុង ឲ្យរៀនសូត្រ តែដូចជាចោរមកនៅក្នុងផ្ទះ ក្នុងឱកាសស្ងាត់ក្មេងស្រីរូបនោះ បានលួចលុយអស់ជាង២ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ពីផ្ទះរយៈពេល៣ថ្ងៃ ។ ក្រោយពេលនាងចោររូបនោះ បានចូលមកផ្ទះវិញ ស្ត្រីរូបនោះ បានសាកសួរក្មេងស្រីនោះ តែប្រកែក ប៉ុន្តែទីបំផុតនៅពេលបង្ហាញរូបភាពកាម៉េរ៉ាសុវត្ថិភាព ទើបនាងសារភាព ហើយលុយជាង២ម៉ឺនដុល្លារនោះ ត្រូវក្មេងស្រីនោះយកទៅចាយវាយអស់មួយចំនួនហើយ។
បន្ទាប់ពីមានករណីនេះកើតឡើង នៅថ្ងៃទី៤ខែមករាឆ្នាំ២០១៩ អ្នកស្រី ឌី ផល្លារ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនក្មេងស្រីម្នាក់ ដែលបានយកមកចិញ្ចឹម ប៉ុន្តែនាងបែរមកលួចយកលុយអស់២ម៉ឺនដុល្លារ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យ ឈ្មោះ កែវ គន្ធសុវណ្ណនី អាយុ១៧ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យ។
អ្នកស្រី ឌី ផល្លារ អាយុ៤៧ឆ្នាំ មានទីលំនៅចំណុចផ្ទះកើតហេតុ បានឲ្យដឹងថា កាលពីខែមករា ដើមឆ្នាំ២០១៨ បានទទួលយកឈ្មោះ កែវ គន្ធសុវណ្ណនី ជាសាច់ញាតិ ឲ្យមករស់នៅជាមួយ បានជាគ្នា និងបានជួយផ្គត់ផ្គង់ទំនុកបម្រុងឲ្យនាងឲ្យបានរៀនសូត្រ ។ ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នេះ នាង កែវ គន្ធសុវណ្ណនី បានទៅរៀនធម្មតា តែបាត់ខ្លួនអត់មកផ្ទះសោះ នៅពេលនោះ បានទៅឆែកមើលលុយដែលលាក់ទុកក្នុងកាតាប ដាក់នៅក្រោមគ្រែ ស្រាប់តែបាត់អស់ជាង២ម៉ឺនដុល្លារ គឺមានលុយខ្មែរចំនួន៣លានរៀល និង១០.២៥០ដុល្លារ ប៉ុណ្ណោះ ហើយក៏បានទៅឆែកកាមេរ៉ាសុវត្ថិភាព មើលទើបឃើញរូបភាព សកម្មភាព ឈ្មោះ កែវ គន្ធសុវណ្ណនី ចូលលួចយកលុយនៅក្រោមគ្រែ ពេលគាត់មិននៅផ្ទះ។
ក្នុងពាក្យប្តឹង អ្នកស្រី ឌី ផល្លារ បានរៀបរាប់បន្ថែមថា ក្រោយមក នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នាងកែវ គន្ធសុវណ្ណនី បានត្រឡប់មកផ្ទះវិញ ហើយក៏បានហៅនាង មកសួរនាំរឿងបាត់លុយ តែនាង បដិសេធថាមិនបានយក ។ ពេលនោះ អ្នកស្រី ឌី ផល្លារ ក៏បានបង្ហាញរូបភាពវីដេអូកាម៉េរ៉ាសុវត្ថិភាព ដែលបានដាក់បង្កប់ក្នុងបន្ទប់ឲ្យនាងមើល ទើបនាងក្មេងចោរនោះសារភាពថា បានយកលុយនោះ ចាយអស់មួយចំនួនធំ។ អ្នកស្រី បានសម្រេចប្តឹងក្មេងស្រីចោរនោះ ដើម្បីឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋាន ចាត់ការតាមផ្លូវច្បាប់ ទៅតាមទោសទណ្ឌដែលនាងបានប្រព្រឹត្ត ៕ ដោយ ៖ បញ្ញាស័ក្តិ