ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមករាឆ្នាំ២០១៩នេះ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង បានមានប្រសាសន៍កោតសរសើរចំពោះ ស្នាដៃការងាររបស់បងប្អូននារី ដោយអ្នកខ្លះបានពលីជីវិត ខ្លះពិការ ខ្លះមេម៉ាយ ក្នុងន័យការពារបូរណភាពទឹកដីដោយបានយកអស់ស្មារតី ដោយការទទួលខុសត្រូវខ្ពស់ យកអស់ កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច ទទួលបានជោគជ័យ ក្នុងនាមជាបុគ្គលិកសមាគម និងរាជរដ្ឋាភិបាល បានប្រគល់ជូន ហើយទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ នាពេលកន្លងមក។
លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនារី និងអតីតនារីជានិវត្តន៍ជន ចំនួនប្រមាណជាង៣០០នាក់ ដើម្បីអបអរសាទរខួបលើកទី៤០ នៃការបង្កើត សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រយៈពេល៤០ឆ្នាំ សមាគមនារីកម្ពុជា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងស្រទាប់មហាជនហើយបានដើរតួនាទីយ៉ាងសំខាន់ សក្កិសមជាអ្នកតំណាងអោយផលប្រយោជន៍ របស់នារីនិងកុមារនិងការផ្តល់កិត្តិយសដោយចាត់ទុកនារីជាដៃគូរដែលពុំអាចខ្វះបានក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ។ ដោយឡែកសម្រាប់ខេត្តស្វាយរៀងនារីក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងស្តាប្រទេសជាតិដែលសល់ពីផេះផង់ពីរបបប្រល័យពូជសាសន៍ប៉ុលពតអោយមានការរីកចម្រើនលើគ្រប់វិស័យ ហើយក្នុងនោះនារីបានចូលរួមដោះមីនដែលសល់ពីសង្គ្រាមទទួលបានជោគជ័យផងដែរ។
លោកជំទាវក៏បានធ្វើការផ្សព្វផ្សាយអនុសាសន៍ទាំង ១១ចំណុច ដែលជាលទ្ធផលដែល បានមកពីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី ៤១ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងមកនេះផងដែរ ៕ ដោយ ៖ វ៉ៃគោ