ពោធិ៍សាត់ ៖ ទាស់ពាក្យសម្តី ក្នុងវង់ផឹកស៊ីមានគ្នា៤នាក់ ជនដៃដល់លបប្រើកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យ ស្លាប់ ។ បន្ទាប់បង្កហេតុ ជនដៃដល់រត់គេចខ្លួនចូលក្នុងព្រៃ តំបន់ភ្នំបាត់ រហូតមកដល់ថ្ងៃទី៧ ខែមករា សមត្ថកិច្ចមិនទាន់ស្រាវជ្រាវចាប់បាននៅឡើយ ។
ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង៣០យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចទំនប់ទី៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ភួង ភេន ហៅខេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទៅស្នាក់នៅធ្វើចំការនៅចំណុចកើតហេតុខាងលើ។ រីឯជនរងគ្រោះឈ្មោះ អ៊ុក សុខុម ហៅង៉ែត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។ មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ រួមជាមួយមិត្តភក្តិ ២នាក់ទៀត បានបបួលគ្នាផឹកស៊ីជុំគ្នា ។ ដល់ពេលផឹកយូរៗទៅក៏ទាស់ពាក្យសំដីជាមួយគ្នា ទើបជនសង្ស័យ បានទាញកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ចាំដោះខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ៕ ដោយ ៖ បញ្ញាស័ក្តិ