ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំអភិរក្ស និង ចុះបញ្ជីសាកសពជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតាមទីកន្លែងវាលពិឃាត ទូទាំងប្រទេស ។
បើតាមគេហទំព័រហ្វេសប៊ុក លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និង បុរេប្រវតិ្តវិទ្យា បានឲ្យដឹងថា ការចុះបញ្ជីនេះ គឺដើម្បីទុកជាភស្ដុតាង និងឯកសារសម្រាប់មនុស្សជំនាន់ក្រោយ កុំឱ្យបំភ្លេចនូវសោកនាដកម្មដ៏ឃោរឃៅ និង ព្រៃផ្សៃ ក្នុងអំឡុង៣ឆ្នាំ ៨ខែ និង ២០ថ្ងៃកន្លងមក ។
នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់គម្រោងអភិរក្សអដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដោយជោគជ័យ។ លោក វឿន វុទី្ធ បានបន្តថា “តាងនាមឲ្យក្រុមការងារអភិរក្សអដ្ឋិធាតុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចេញជាគោលការណ៍ បង្កើតក្រុមការងារអភិរក្សមួយ ក្នុងគោលបំណងថែររក្សាអដ្ឋិធាតុ របស់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យឲ្យនៅគង់វង្ស ក៏ដូចជារក្សានូវភស្តុតាងប្រវត្តិសាស្ត្រមួយនេះ សម្រាប់ជាមេរៀនដល់មនុស្សជំនាន់ក្រោយអំពីប្រវត្តិដ៏ឈឺចាប់ និងរន្ធត់នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ ដើម្បីកុំឲ្យរបបដ៏យង់ឃ្នងមួយនេះ កើតឡើងសារជាថ្មីនៅលើទឹកដីកម្ពុជាយើងទៀត។ ម្យ៉ាងវិញទៀតយើងខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ និងស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលបានសហការ និងផ្ដល់ជាអនុសាសន៍ ទើបការអភិរក្សអដ្ឋិធាតុរបស់ជនរងគ្រោះដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រកបដោយជោគជ័យទៅបាន ពីព្រោះគម្រោងអភិរក្សមួយនេះមានលក្ខណៈវិទ្យាសាស្ត្រ ដែលត្រូវបានអនុវត្តដោយបុរាណវិទូខ្មែរដោយយករូបមន្តបច្ចេកទេសពីបរទេសដើម្បីថែរក្សាអដ្ឋិធាតុទាំងនោះ ឲ្យមានអាយុកាលយូរអង្វែង និងមានតម្លៃសម្រាប់ជាប្រវត្តិសាស្ត្រកម្ពុជាតទៅអនាគត”។
លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងយកចិត្តទុកដាក់ថែរក្សាទីតាំងប្រវតិ្តសាស្ត្រជនរងគ្រោះបាត់បង់ជីវិតក្នុងរបបអាវខ្មៅ។
ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា រូបនោះ បន្តថា គិតត្រឹមដើមឆ្នាំ២០១៩នេះ ក្រសួងបានផ្ទៀងផ្ទាត់ អភិរក្ស និងចុះបញ្ជីសាកសព ជនរងគ្រោះ បានជាង១០ម៉ឺនអដិ្ឋធាតុ និងផ្នូរសាកសពរួម នៅទូទាំងប្រទេស មានជិត២០០ផ្នូរសាកសពរួម។ ការអភិរក្សនេះ គឺដើម្បីរក្សាទុកជាភស្តុតាងជូនជនរងគ្រោះទាំងអស់ និងទុកជូនដល់ប្រជាជនមួយចំនួនតូច ដែលមានមតិផ្ទុយ មិនទទួលស្គាល់ថ្ងៃ៧ មករា ១៩៧៩ និងមិនដឹងគុណថ្ងៃ៧ មករា ១៩៧៩ សម្រាប់ជាភស្តុតាងបង្ហាញ នូវការវិភាគលើសាកសព លលាដ៏ក្បាលសាកសពជនរងគ្រោះ ដែលមានស្នាមវៃ មានស្នាមកាប់ មានស្នាមអាករ មានស្នាមអាស្លឹកត្រចៀក ចងស្លាបសេក និងក្រណាត់រំមុខ៕ ដោយ ៖ បញ្ញាស័ក្តិ