រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃវែង បានឲ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ ត្រូវអ្នកភូមិទួលសំបូរ ប្រទះឃើញដេកនៅក្នុងផ្សារមួយយប់ លុះព្រឹកឡើងទើបអាជីវករលក់សាច់ជ្រូក ក្នុងផ្សារសំបួរ រាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានបានដឹង។
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្មេងស្រីជំទង់ខាងលើនេះ មិនមែនជាកូនចៅ របស់អ្នកភូមិទួលសំបួរទេ ពោលគឺក្មេងស្រីរូបនេះ មិនដឹងជាវង្វេងមកពីកន្លែងណាឡើយ។
សមត្ថកិច្ចនគរបាល ឱ្យដឹងបន្តថា កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ គេបានប្រទះឃើញក្មេងស្រីម្នាក់ ដែលមានសប្បុរស្រអែម ពាក់អាវយីតដៃខ្លីពណ៌ក្រហម និងស្លៀកខោខ្លីពណ៌ទឹកប៊ិច បានដើរមកម្តុំផ្សារទួលសំបួរ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ប្រភពបន្តថា គេឃើញក្មេងស្រីខាងលើនេះ បានអង្គុយលេងដោយមានសភាព ដូចជាត្រូវថ្នាំសណ្តំខ្សត់ខ្សោយកម្លាំង រហូតដល់យប់ក៏បានប្រាស់ខ្លួនដេក នៅលើគ្រែលក់សាច់ជ្រូកពេញមួយយប់តែម្នាក់។ ប៉ុន្តែជាសំណាងល្អ ដែលគ្មានជនឆ្លៀតឱកាសធ្វើបាបរូបនាង។
សមត្ថកិច្ចបន្តថា លុះព្រឹកឡើងទើបម្ចាស់តូបលក់សាច់ជ្រូក បានដាស់ក្មេងស្រីរូបនោះឲ្យភ្ញាក់ ដើម្បីសួររកមូលហេតុ ប៉ុន្តែនាងមិនឆ្លើយតប និងមានសកម្មភាពរវើរវាយ ដូចត្រូវថ្នាំសណ្តំ ទើបលោកចៅសង្កាត់រង និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បញ្ជូនទៅកាន់មណ្ឌសុខភាពព្រៃវែង ដើម្បីឲ្យក្រុុមគ្រូពេទ្យធ្វើការសង្គ្រោះ។
បច្ចុប្បន្នក្មេងស្រីជំទង់លើនេះកំពុងតែសំរាកព្យាបាល នៅមណ្ឌលសុខភាព សង្កាត់ព្រៃវែងហើយសមត្ថកិច្ចមូលដ្ឋាននេះ កំពុងស្រាវជ្រាវរកអាណាព្យាបាល ឲ្យមកទទួលយកកូនស្រី របស់រូបនេះ ឲ្យត្រឡប់ទៅផ្ទះវិញ។
ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានប្រកាសដល់ក្រុមគ្រួសារនីមួយៗ ដែលបាត់សមាជិកគ្រួសារ ដូចមានភិនភាគខាងលើ សូមមកទទួលយកក្មេងស្រី មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពសង្កាត់ព្រៃវែង ឲ្យបានឆាប់ផង៕ ដោយ ៖ ដែន សីមា