ខេត្តព្រះសីហនុ៖ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៤នាក់ ដាក់ខ្នោះភ្លាមៗ ដើម្បីផ្គាប់ចិត្តឈ្មួញមានទ្រព្យ នៅគ្រាប្រជាពលរដ្ឋទាំងនោះ ហ៊ានចេញមុខតវ៉ាលើកបដារារាំង មិនឲ្យក្រុមហ៊ុនចិន នាំយកគ្រឿងចក្រ ចូលទៅឈូសឆាយលើដី ដែលពលរដ្ឋសហគមន៍កំពេញចាស់ អះអាងថា កំពុងមានទំនាស់មិនទាន់ដោះស្រាយបញ្ចប់ជម្លោះនៅឡើយនោះ។
តំណាងប្រជាពលរដ្ឋរងគ្រោះទាំង ២៤គ្រួសារ រស់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃអង្គារ៍ ទី៨ ខែមករានេះ កម្លាំងកងរាជអាវុធហត្ថខេត្តនេះ បានដាក់ពង្រាយជាច្រើននាក់ និងបានប្រើអំពើហឹង្សា និងចាប់ខ្លួនពលរដ្ឋ ៤នាក់វៃខ្នោះដៃបញ្ជូនទៅកាន់អង្គភាព របស់ពួកគេយ៉ាងតក់ក្រហល់ភ្លាមៗ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរងគ្រោះ ឈ្មោះ សៀង វុទ្ធី ស្ថិតក្នុងចំណោមពលរដ្ឋរងគ្រោះដីធ្លីទាំង ២៤គ្រួសារ ក៏បានដង្ហោយរក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ឲ្យជួយរកយុត្តិធម៌ ព្រោះទំនាស់នេះបានអូសពេលតាំងពីឆ្នាំ១៩៩៦ ហើយពេលនេះ ត្រូវបានភាគីមានទ្រព្យ និងអំណាច បានឃុបឃិតលក់បន្តទៅឲ្យឈ្មួញជនជាតិចិន និងបាននាំយកគ្រឿងចក្របម្រុងឈូសឆាយដីកំពុងមានទំនាស់ នៅរសៀលថ្ងៃទី៨ ខែមករានេះ។ ជាពិសេសភាគីទំនាស់ម្ខាងទៀត បានប្រើកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យមកគំរាមកំហែង និងចាប់ពលរដ្ឋដាក់ខ្នោះដៃចំនួន៤នាក់ផង។
ទន្ទឹមគ្នានេះដែរ តំណាងប្រជាពលរដ្ឋរស់នៅសហគមន៍កំពេញចាស់ចំនួន ២៤គ្រួសារ ក៏ស្នើដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យពិនិត្យទៅលើសកម្មភាព របស់ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលតែងបញ្ជូនកម្លាំងករាជអាវុធហត្ថ ទៅសម្លុតគំរាមកំហែង និងប្រើអំពើហឹង្សាចាប់ដាក់ខ្នោះ ប្រជាពលរដ្ឋមានទំនាស់ដីធ្លី នៅតាមសហគមន៍មានទំនាស់ដីធ្លីជាបន្តបន្ទាប់មកនេះ។
តំណាងពលរដ្ឋ បានបន្តថា រហូតមកដល់ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ពលរដ្ឋរងគ្រោះដីធ្លី ទាំង៤នាក់ មិនទាន់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោះលែង សេរីភាពវិញទេ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃដដែលនេះ។
យ៉ាងនេះក្តី នៅមិនទាន់អាចទាក់ទង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីស្នើការបំភ្លឺជុំវិញការចាប់ខ្លួនពលរដ្ឋចំនួន ៤នាក់ រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បានទេនៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ។ យ៉ាងណាក៏ដោយចុះ កន្លងមកភាគីទំនាស់ម្ខាងទៀត ដែលមានងារជាឧកញ៉ា ហើយជាឈ្មួញមានទ្រព្យ និងមានអំណាចផងនោះ បានអះអាងថា ទីតាំងដីដែលប្រជាពលរដ្ឋទាំង ២៤គ្រួសារតវ៉ាទាមទារខាងលើនេះ គឺ ពួកគេមានប្លង់កម្មសិទ្ធិតាំងពីឆ្នាំ២០០៨មកម្ល៉េះ និងបានបង់ពន្ធដីជូនរដ្ឋរាល់ឆ្នាំផង។
ទោះយ៉ាងនេះក្តី ពលរដ្ឋរងគ្រោះបានអះអាងថា ពួកគេបានទន្ទឹងរង់ចាំយុត្តិធម៌លើទំនាស់ដីធ្លីរ៉ាំរ៉ៃខាងលើនេះ អស់រយៈពេល ២២ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនទាន់ឃើញមានស្ថាប័នពាក់ព័ន្ធចាប់ពីថ្នាក់ខេត្ត រហូតដល់ស្ថាប័នកំពូលៗថ្នាក់ជាតិ ចេញមុខដោះស្រាយបញ្ចប់ជម្លោះនេះទេ។
ទាក់ទិនបញ្ហានេះ លោក ស្រេង វ៉ាន់លី មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ ឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនពលរដ្ឋ នៅសហគមន៍កំពេញចាស់ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុចំនួន ៤នាក់ ដែលចេញមុខតវ៉ាមិនឲ្យគ្រឿងចក្រក្រុមហ៊ុន ចូលឈូសឆាយដីកំពុងមានទំនាស់ កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។ លោកបន្តថា មុនពេលកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនពលរដ្ឋ ក៏មានសកម្មភាពប្រតាយប្រតប់គ្នា បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនបានរងរបួង ហើយក៏ឃើញមានកម្លាំងកងរាជអាវុធហត្ថបានចាប់យកទូរស័ព្ទៃដៃ របស់ប្រជាពលរដ្ឋមួយចំនួនទៅជាមួយផង។
តំណាងពលរដ្ឋនៅសហគមន៍កំពេញចាស់ លោកស្រី ហង្ស ចិន្តា ធ្លាប់បានឲ្យដឹងថា ទំហំផ្ទៃដីរបស់ពួកគាត់ទាំង២៤គ្រួសារ សរុបមានចំនួនជាង ៤ហិកតារ ហើយត្រូវឈ្មួញមានទ្រព្យ បានឃុបឃិតជាមួយអតីតមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោខេត្តព្រះសីហនុ និងអតីតអភិបាលខេត្តព្រះសីហនុ អាណត្តិមុនៗ បានលួចធ្វើប្លង់កម្មសិទ្ធិ រំលោភយក ទោះបីពួកគាត់ បានដាក់បណ្ដឹងតវ៉ា ឬដាក់ពាក្យបណ្តឹងជំទាស់ទៅតុលាការបែបណាក្តី។
ផ្ដើមពីបញ្ហានេះ លោកស្រី ហង្ស ចិន្តា ក៏បានអំពាវនាវដល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ឲ្យជួយស៊ើបអង្កេតភាពមិនប្រក្រតី នៃការឃុបឃិតជាលក្ខណៈប្រព័ន្ធ លួចចេញប្លង់កម្មសិទ្ធិ រំលោភយកដីធ្លីពួកគាត់ ដែលធ្លាប់រស់នៅក្រោយឆ្នាំ១៩៧៩មក។ លោកស្រី បន្តថា ដីទំនាស់នៅសហគមន៍កំពេញចាស់ គឺអាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ មិនផ្តល់ដំណឹងពិតជូនសម្តេច ហ៊ុន សែន ពីរឿងពិតនោះទេ ពោលគឺបានប្រឌិតរឿងបញ្ជូនឯកសារជូនទៅសម្តេចខុសការពិតទាំងស្រុង។
លោកស្រី ហង្ស ចិន្តា បញ្ជាក់ថា សព្វថ្ងៃនេះពួកគាត់ទាំង ២៤គ្រួសារ បានទន្ទឹងរង់ចាំយុត្តិធ៌មផ្តល់ជូនពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ជួយរកយុត្តិធ៌មលើទំនាស់ដីធ្លីខាងលើនេះ ព្រោះមន្ត្រីស្ថាប័នពាក់ព័ន្ធមិនបានដោះស្រាយជូនពួកគាត់ អូសបន្លាយពេល ២២ឆ្នាំមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយជូនពួកគាត់ទៀត។
ដីមានទំនាស់របស់ប្រជាពលរដ្ឋនៅសហគមន៍កំពេញចាស់ទាំង ២៤គ្រួសារ មានទំហំផ្ទៃដីជាង ៤ហិកតារ និងមានទីតាំងនៅក្បែរឆ្នេរឯករាជ្យ ឬនៅជាប់មាត់បឹងព្រែកទប់ គឺនៅតាមបណ្តោយផ្លូវថ្នល់កៅស៊ូ ទល់មុខសាលាដំបូងខេត្តព្រះសីហនុ។ ទំនាស់នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានដឹងឮចំពោះសកម្មភាពប្រមូលផ្តុំគ្នាតវ៉ា របស់ប្រជាពលរដ្ឋរស់នៅសហគមន៍កំពេញចាស់ទាំង ២៤គ្រួសារនេះដែរ ព្រោះទីតាំងមានដីទំនាស់នេះ ស្ថិតនៅក្បែរលំនៅឋាន និងជាប់ផ្លូវថ្នល់ ដែលរូបលោកជិះឡានឆ្លងកាត់ទៅធ្វើការងាររាល់ថ្ងៃ។
ទោះជាបែបនេះក្តីកន្លងមក លោក យន្ត មីន បានពន្យល់ប្រាប់ពលរដ្ឋថា សិទ្ធិអំណាច របស់លោក អាចជួយដោះស្រាយបាន តែចំពោះ ករណីវិវាទដីធ្លីទាំងឡាយណា ដែលមិនទាន់ធ្លាក់ទៅដល់ដៃតុលាការដោះស្រាយប៉ុណ្ណោះ ប៉ុន្តែបើទំនាស់ទាំងនោះ បានធ្លាក់ដល់អំណាចតុលាការ ឬក៏តុលាការសម្រេចសាលក្រមស្ថាពររួចហើយ គឺរូបលោកគ្មានសិទ្ធិលូកដៃចូលសម្របសម្រួលដោះស្រាយបានទេ ៕ ដែន សីមា