ខេត្តព្រះសីហនុ ៖ មន្ត្រីកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិនចំនួន ៣គ្រឿង នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព រវាងកងទ័ពជើងទឹកកម្ពុជា-ចិន ឱ្យកាន់តែស្អិតរមួតប្រសើរថែមទៀត។
(រូបថតឯកសារ)
មន្ត្រីកងទព័ជើងទឹកកម្ពុជា ដដែលបានបន្តថា នាវាកងទ័ពរំដោះប្រជាជនចិនទាំង៣គ្រឿង ដែលនឹងចូលចត នៅកំពង់ផែក្រុងព្រះសីហនុរួមមាន៖ នាវាឈ្មោះ PLANS WUHU មានបណ្តោយ ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន។ នាវាឈ្មោះ PLANSHANDA មានបណ្តោយ ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន និងនាវាឈ្មោះ PLANS DONG PING LAKE បណ្តោយ ១៧៩ម៉ែត្រ ទទឹង ២៥ម៉ែត្រ ជម្រៅទឹក ១០ម៉ែត្រ ទម្ងន់ផ្ទុកជាងពីរម៉ឺនតោន។
តាមកម្មវិធី របស់អង្គភាពកងទព័ជើងទឹកកម្ពុជា បានឲ្យដឹងថា នៅក្នុងអំឡុងពេលទស្សនកិច្ច ជាផ្លូវការនៅកម្ពុជានាឱកាសនេះ ក៏នឹងមានកម្ពុជាជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំស្ថាប័នកងទ័ពជើងទឹកកម្ពុជា ព្រមទាំងមានកម្មវិធីប្រកួតកីឡាជាមិត្តភាព រវាងក្រុមនាវិកប្រទេសចិន និងក្រុមនាវិកប្រទេសកម្ពុជា នៅក្នុងមូលដ្ឋានសមុទ្ររាម។ ជាពិសេសក៏នឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងក្រុមនាវិកប្រទេសកម្ពុជា-ចិនផងដែរ៕ ដោយ៖ ដែន ដីមា
(រូបថតឯកសារ)
(រូបថតឯកសារ)
(រូបថតឯកសារ)
(រូបថតឯកសារ)