ខេត្តព្រះសីហនុ ៖ រថភ្លើងទំនើបរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railways) របស់អ្នកឧកញ៉ា គិត ម៉េង បានដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ។
សូមជម្រាបថា រថភ្លើង Tramway ស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បញ្ជាទិញពីប្រទេសម៉ិកស៊ិកនឹងយកមកប្រើប្រាស់ សម្រាប់ដឹកអ្នកដំណើរ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថារថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់ នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
រថភ្លើង Tramway ថ្មីនេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ហើយមានបច្ចេកវិទ្យាចុងក្រោយបំផុតប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារស្វ័យប្រវត្តិ ជណ្តើរ កៅអី ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក កន្លែងដាក់អីវ៉ាន់ ប្រព័ន្ធអ៊ីនធឺណិត Wifi ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ។
កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ នៅឯស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយ អំពីផ្លូវរថភ្លើង Tramway ដោយផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ អំពីរថភ្លើងប្រភេទថ្មី Tram រួមមានការរៀបចំលិខិតបទដ្ឋាននិងវិធានសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ការផលិត វីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ឲ្យដំណើរការរថភ្លើងប្រភេទ Tram និងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ។ នាយកដ្ឋានទាំងពីរ និងក្រុមហ៊ុន Royal Railway នឹងបន្តអនុវត្តសកម្មភាពការងារជាបន្តបន្ទាប់ ដើម្បីធានានូវ ប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងយុទ្ធនាការនេះ។ ដើម្បីសម្រួលការធ្វើដំណើរ របស់អ្នកដំណើរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway បានដាក់ឲ្យ ដំណើរការ រថភ្លើងធុនស្រាល ដឹកអ្នកដំណើរពីស្ថានីយ នៅក្នុងសង្កាត់ស្រះចកចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ដែលជា ទូទៅមួយថ្ងៃ រថភ្លើងនេះរត់បានជាមធ្យម ២០ជើង៕ ដោយ ៖ បញ្ញាស័ក្តិ