ស្នាដៃរបស់វិចិត្រករកូរ៉េខាងត្បូងរូបនេះ សូម្បីឲ្យអ្នកយកដៃទៅស្ទាបក៏ពិបាកបែងចែកថាជារូបគំនូរ ឬរូបថត ។
វិចិត្រកររូបនេះឈ្មោះ Kim Young-sung អាយុ ៤៥ឆ្នាំ ល្បីល្បាញពេញកូរ៉េខាងត្បូង ព្រោះទេពកោសល្យគូររូបរស់រវើកពិតៗ ដូចជារូបថត ។ គាត់ចូលចិត្តបំផុតគឺគូររូបត្រី និងពួកល្មូន ។
រូបគំនូរ 3D របស់ Kim ធ្វើឲ្យអ្នកទស្សនាផ្ទាល់ភ្នែកយកដៃស្ទាបប៉ះ ក៏ពិបាកដឹងថាវាជាការគូរដោយដៃដែរ ។
Kim ចែករំលែកថា ម្តងនោះគាត់បានច្រឡំយករូបថតផ្ញើឲ្យអ្នកទិញទៅវិញ ។
រូបគំនូរ 3D នីមួយៗត្រូវប្រើពេល ១០ខែ ទើបគូររួច ហេតុនេះតម្លៃរបស់វាក៏ថ្លៃគួរសមគឺប្រមាណ ៨.០០០ផោនអង់គ្លេស ។
រូបខ្លះពេលយកដេញថ្លៃ បានដល់ទៅ ១០០.០០០ផោនឯណោះ ។
គាត់ថា “ពេលគូរអារម្មណ៍របស់គាត់ “រលាយ” ចូលធម្មជាតិជុំវិញ ។ ហើយគាត់ចូលចិត្តគូររូបតូចៗ ហើយរៀងរាល់ពេលគេសួរថា វាជារូបថតឬ? ។ ពេលនោះខ្ញុំសប្បាយណាស់ ។
គាត់សង្ឃឹមថានឹងបានដាក់តាំងពិព័រណ៍គំនូរនៅសារៈមន្ទីរធំណាមួយរបស់ពិភពលោក ។
វិចិត្រករកូរ៉េខាងត្បូងរូបនេះបញ្ចប់ការសិក្សាផ្នែកគំនូរនៅសកលវិទ្យាល័យវិចិត្រសិល្បៈកូរ៉េខាងត្បូង នាឆ្នាំ ១៩៩៧ ហើយបច្ចុប្បន្នលោករស់នៅបូរីញូវយ៉ក អាមេរិក ៕ ចន្ទ្រា