ភ្នំពេញ ៖ មន្ត្រីនគរបាលយ៉ាងហោច៦រូប ក្នុងនោះរួមមានថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់ផងដែរ ក្នុងអង្គភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានរងការចាប់ខ្លួននៅថ្ងៃនេះប៉ុន្តែបានដោះលែងវិញភ្លាមក្រោយការសាកសួរហេតុផលរួចមក។ ហេតុការណ៍បានកើតឡើងនៅចំណុចមុខឃ្លាំងបារីមួយ នៅតាមផ្លូវហាណូយ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ នេះបើតាមការផ្សាយរបស់វេបសាយអគ្គស្នងការនគរបាលជាតិ។
ការចាប់ខ្លួនមន្ត្រីនគរបាលទាំង៦រូប បានប្រព្រឹត្តទៅក្នុងរង្វង់ដែលមានសេចក្តីរាយការណ៍កន្លងមក អំពីមនុស្សក្លែង ឯកសណ្ឋានបន្លំធ្វើកងកម្លាំងនគរបាល ចុះធ្វើសកម្មភាពមិនប្រក្រតីជាច្រើនដែលនាំអោយមានការយល់ច្រឡំ មកលើកងកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។ វត្តមានមន្ត្រីនគរបាលទាំង៦រូប នៅកន្លែងកើតហេតុនោះ ត្រូវគេរាយការណ៍ថា គឺដើម្បីបំពេញការងារ ប៉ុន្តែការចុះបំពេញបេសកកម្មការងារនោះ មិនបានសហការជាមួយ សមត្ថកិច្ចមូលដ្ឋានដែលជាប់ពាក់ព័ន្ធនោះឡើយ។ មន្ត្រីនគរបាលទាំង៦រូប បានរងការឃាត់ខ្លួននៅវេលាម៉ោង ប្រមាណ១២កន្លះថ្ងៃត្រង់ថ្ងៃទី ១០មករានេះ ដោយកម្លាំងនគរបាលតម្រួតបទបញ្ជា។
លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃបានប្រាប់អ្នកសារព័ត៌មានថា ករណីនោះគឺជាការយល់ច្រឡំដោយមុនហេតុការណ៍នោះ ខាងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទទួលសេចក្តីរាយការណ៍អំពីករណីមានរថយន្តដឹកបារីក្លែងក្លាយ ចូលក្នុងឃ្លាំង ប៉ុន្តែពេលកម្លាំងចុះធ្វើការ ក៏ជួបនឹងហេតុការណ៍នេះតែម្តង។ មន្ត្រីនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបាននិយាយថា ខាងម្ចាស់ក្រុមហ៊ុនបារី មិនបានសហការជាមួយកម្លាំងសមត្ថកិច្ច និងបានរាយការណ៍ទៅលើបណ្តាលអោយមានកម្លាំងតម្រួតបទបញ្ជាសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ចុះឃាត់កម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃនេះ។
អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានប្រាប់ភ្នាក់ងារសារព័ត៌មាននគរបាលជាតិថា ក្រោយការសាកសួរដឹងលំនាំសាច់រឿងនោះមក មន្ត្រីនគរបាលទាំង៦រួប ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកន្លែងអង្គភាពរបស់ពួកគេវិញ ៕ ដោយ ៖ រចនា