ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ជាការពិតណាស់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរួមមាន៖ ផ្លូវ ស្ពាន ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ និងប្រព័ន្ធគ្រប់មធ្យោបាយដឹកជញ្ជូន ដែលជាវិស័យមួយដ៏សំខាន់ ជាសរសៃឈាមជំរុញលំហូរពាណិជ្ជកម្ម និងទ្រទ្រង់សេដ្ឋកិច្ច បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ជាក់ស្ដែងផ្លូវថ្នល់ និងស្ពានតភ្ជាប់ទៅគ្រប់រាជធានី-ខេត្ត និងជនបទ ស្ទើរគ្រប់ច្រកល្ហកទូទាំងប្រទេស ត្រូវបានស្តារ និងអភិវឌ្ឍន៍ជាលំដាប់ ដែលបានបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
សន្និបាតនេះបានប្រព្រឹត្តទៅអស់រយៈពេល១ថ្ងៃកន្លះ ដែលមានការចូលរួមធ្វើបទអន្តរាគមន៍ពីអង្គភាពពាក់ព័ន្ធ បានពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ការងារយ៉ាងផុលផុស បានពិនិត្យលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ និងបានបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០១៩។
ថ្លែងក្នុងសន្ទរកថានាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលការងារឆ្នាំ ២០១៨ ដែលជាឆ្នាំទទួលបាននូវការគាំទ្រ និងជំនឿទុកចិត្តខ្ពស់ពីបងប្អូនប្រជាពលរដ្ឋលើក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការអនុវត្តការងាររបស់ខ្លួនប្រកបដោយជោគជ័យ តាមការសន្យា សមិទ្ធផលសំខាន់ៗទាំងនោះរួមមាន៖ ការងារដឹកជញ្ជូនផ្លូវគោកនិងសុវត្ថិភាពចរាចរណ៍ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការងារផ្លូវដែក ការងារសាធារណការ ការងារភស្តុភារកម្ម ការងារសហគ្រាសសាធារណៈ និងការងារព័ត៌មានវិទ្យា។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីទិសដៅការងារសម្រាប់ឆ្នាំ២០១៩ ដែលជាឆ្នាំត្រូវជំរុញទ្វេដងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានផ្តល់ការទុកចិត្តដល់រាជរដ្ឋាភិបាល និងបង្កើនចំណូលជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីផែនការគម្រោងសំខាន់ៗសម្រាប់ឆ្នាំ២០១៩នេះ ដែលក្នុងនោះរួមមាន៖ សេចក្ដីព្រាងអនុក្រឹត្យស្តីពីផ្លាកលេខពិសេសរថយន្ត សំដៅប្រមូលថវិកាជូនរដ្ឋ ផ្តល់ជម្រើសងាយស្រួលដល់ម្ចាស់កម្មសិទ្ធិយានយន្ត និងពង្រឹងការគ្រប់គ្រងយានយន្ត គម្រោងកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឱ្យបាន៥០%ត្រឹមឆ្នាំ២០២០ និងការបង្កើតក្រុមការងារត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញតាមគោលដៅកំពង់ផែស្វយ័តដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាដើម។
ជាមួយគ្នានេះផងដែរលោកអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល១០០ថ្ងៃដំបូង ដើមអាណត្តិទី៦ នៃរាជរដ្ឋាភិបាល ដូចជា៖ ការដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ យុទ្ធនាការជិះកង់ត្រួតពិនិត្យមើលផ្លូវ ការជួសជុលថែទាំផ្លូវ-ស្ពាន ដែលរងការខូចខាតដោយសារទឹកជំនន់ ការដាក់ឱ្យដំណើរការសាលាបង្រៀនបើកបររថយន្តធុនធ្ងន់ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការផ្តល់ផ្លាកលេខពិសេស ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរចំពោះបណ្តាប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសាធារណការ និងជញ្ជូន។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការប៉ាន់ស្មានជាបឋម អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ អាចសម្រេចបានក្នុងរង្វង់ ៧,៣ភាគរយ ដែលកំណើននេះទទួលបានពីការកើនឡើង ដ៏រឹងមាំនៃវិស័យសំណង់ វិស័យកាត់ដេរ វិស័យទេសចរណ៍ រួមទាំងវិស័យទូរគមនាគមន៍ និងដឹកជញ្ជូន។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ឈរលើមូលដ្ឋាន នៃលទ្ធផលដែលសម្រេចបានខាងលើនេះ កម្ពុជាបានកំណត់បំណងប្រាថ្នារបស់ខ្លួន កាន់តែខ្ពស់ជាងមុនក្នុងការប្រែក្លាយខ្លួនជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
លោកបានបញ្ជាក់ថា ទន្ទឹមនេះកម្ពុជា ក៏បាន និងកំពុងពង្រឹងការតភ្ជាប់ជាមួយប្រទេស នៅក្នុងតំបន់ គ្រប់ប៉ូល និងរបៀងសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេស និងការចាប់ផ្ដើមរៀបចំនូវប្រព័ន្ធ ឡូជីស្ទីកក្នុងស្រុក ដែលនឹងរួមចំណែកកាត់តែច្រើនឡើងៗ ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញពាណិជ្ជកម្មមូលដ្ឋាន គាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបន្ថែមទៀតផងដែរ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ៖ “៤៣ ចំណុច” ជាលទ្ធផលសន្និបាទបូកសរុបការងារ២០១៨ និងទិសដៅ២០១៩ ក្រោមប្រធានបទ “ពង្រឹង ពង្រីក និងធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាដឹកជញ្ជូន ឆ្ពោះទៅកាន់ការអភិវឌ្ឍភស្តុភាកម្ម” របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕ ដោយ៖កូឡាប