ខេត្តកំពង់ចាម:” ជំងឺទឹកនោមផ្អែមពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងគួរឱ្យកត់សម្គាល់មកដល់ពេលនេះអ្នកមកទទួលសេវាថ្នាំព្យាបាលជំងឺមួយនេះមានរហូតដល់ជិត២ម៉ឺននាក់ហើយ” នេះជាប្រសាសន៍លើកឡើងពីសំណាក់លោកវេជ្ជបណ្ឌិតគីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តថ្លែងនាព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅក្រុងកំពង់ចាមតែម្ដង។
ក្នុងឱកាសនោះគឺមានការចូលរួមពីសមាជិក(ស.ស.យ.ក)មកពីតាមបណ្ដាក្រុង-ស្រុកក្នុងខេត្តកំពង់ចាម។
លោកវេជ្ជបណ្ឌិតគីម សួរភីរុណប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីអាណត្តិទី៧រយៈពេលជាងមួយឆ្នាំមកនេះគឺមានការយកចិត្តទុកដាក់លើសុខមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីសំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសុខភាពល្អ ដែលជាកត្តាចម្បង។ ជាមួយនោះស្របនិងសារថ្មីដែលបានលើកឡើងថា”តិចខ្លាញ់ តិចអំបិល តិចស្ករ” ប្រយោជន៍ដើម្បីឲ្យមនុស្សម្នាក់ៗជៀសផុតពីជំងឺលើសឈាមព្រមទាំងជំងឺមួយចំនួនទៀត។
លោកប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមុនអ្នកជំងឺទឹកនោមផ្អែមដែលមកទទួលសេវានៅមន្ទីរពេទ្យខេត្តមានតែប៉ុន្មានរយនាក់ប៉ុណ្ណោះ។ តែមកដល់បច្ចុប្បន្នអត្រាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំជាក់ស្ដែងនៅឆ្នាំ២០២៤ កន្លងទៅមានចំនួន១៣.០០០ នាក់ ហើយរហូតមកដល់បច្ចុប្បន្ននេះបានបន្តហក់ឡើងដល់ជិត២ម៉ឺននាក់។ ជាមួយនោះរូបលោកក៏ស្នើសុំឱ្យកម្លាំងរបស់(ស.ស.យ.ក )ខេត្តរហូតដល់ថ្នាក់ស្រុកនិងឃុំ ត្រូវជួយផ្សព្វផ្សាយពីការថែរក្សាសុខភាពធ្វើយ៉ាងណាដើម្បីឲ្យជាសផុតពីជំងឺ ត្រូវអនុវត្តតាមការណែនាំរបស់ជំនាញក្រសួងសុខាភិបាល។
ឯកឧត្តមអ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជានិងជាអភិបាលខេត្តមមានប្រសាសន៍ដោយលើកឡើងថា ដោយមើលឃើញមន្ទីរពេទ្យគន្ធបុប្ផាកំពុងជួបនៅបញ្ហាកង្វះខាតថវិកាសម្រាប់ជួយទ្រទ្រង់សុខភាពរបស់កុមារកម្ពុជា។ រូបលោកបានបង្កើតកម្មវិធីមនុស្សធម៌មួយតាមរយៈកីឡាដោយជិះកង់។ចម្ងាយ៧០០គីឡូម៉ែត្រ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជនគ្រប់ទិសទីដោយទទួលបានថវិកាប្រមាណជាង១០ ម៉ឺនដុល្លារ និងបានយកទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ដៃ។
ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍ក្រើនរំលឹកថា ដើម្បីឱ្យសុខភាពរបស់យើងម្នាក់ៗ បានប្រសើរនោះសំខាន់ត្រូវតែអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណាកុំទទួលទានផ្អែមពេកឬប្រៃពេក។បើពុំនោះទេយើងប្រាកដជាប្រឈមនិងជំងឺផ្សេងៗមកយាយីលើរាងកាយ។ តាមរយៈលេងកីឡាឬហាត់ប្រាណឲ្យបានទៀងផ្ទាត់ជាប្រចាំបែកញើសស្រួលខ្លួន ហើយបើដើរចម្ងាយ៥ គីឡូម៉ែត្រនោះ នឹងធ្វើឲ្យសម្ពាធឈាមរត់បានស្រួលបេះដូងដើរចង្វាក់ល្អ។ តាមមតិមួយចំនួនទៀតដែលគេតែងតែលើកឡើងថាទោះបីជារវល់យ៉ាងណាក៏ដោយត្រូវឆ្លៀតហាត់ប្រាណយ៉ាងហោចណាស់ដើរឲ្យបាន៤៥នាទី ព្រោះការដើរនេះនាំឱ្យមានសុខភាពល្អ។ជាក់ស្ដែងដូចជាប្រជាជនជប៉ុនមិនថាក្មេងឬចាស់ពួកគាត់គឺនិយមចូលចិត្ត ដោយការដើរហេតុដូច្នេះហើយទើបសុខភាពរបស់ពួកគាត់រឹងមាំនិងអាយុវែងទៀតផង៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី