ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងាជាមួយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការគណ:រដ្ឋមន្ត្រី។
ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាសារបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខ័ណ្ឌសភា និងក្របខ័ណ្ឌរាជរដ្ឋាភិបាល។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានចាត់ទុកប្រទេសម៉ាឡេស៉ី ជាដៃគូ និងជាមិត្តដ៏ល្អដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចកសាងសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានរយៈកាល៦៨ឆ្នាំមកហើយ ខណៈម៉ាឡេស៊ីជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលមកវិនិយោគនៅកម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវបានផ្ដួលរំលំ និងបានចូលរួមយ៉ាងសំខាន់ក្នុងប្រតិបត្តិការកសាងសន្ដិភាព ដោយបានបញ្ជូនកងកម្លាំងមួកខៀវមកកម្ពុជានៅឆ្នាំ១៩៩៣។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងការបដិសណ្ឋារកិច្ចដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅពេលនេះ។
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ី បានធ្វើការកត់សម្គាល់ពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងថា ភាពត្រចះត្រចង់របស់កម្ពុជា ក៏ជាភាពត្រចះត្រចង់របស់អាស៊ានផងដែរ។ ហើយភាពជោគជ័យរបស់ប្រទេសកម្ពុជា ក៏ស្ដែងអំពីភាពជោគជ័យរបស់ប្រទេសក្នុងតំបន់អាស៊ានទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី