Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាមការពិតទៅអ៊ីចឹងសោះ ! បុរសដែលសមត្ថកិច្ចចុះទៅទាញដល់មាត់ទ្វារផ្ទះនោះ ជាអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស មានចេតនាបើកថយក្រោយទៅបុករថយន្ត Prius ១គ្រឿងទៀត

ភ្នំពេញ ៖ វេលាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នគរបាលរាជធានីភ្នំពេញ បានបំភ្លឺជុំវិញការបង្ហោះផ្សព្វផ្សាយវីដេអូដែលសមត្ថកិច្ចបានចុះហៅបុរសម្នាក់ដែលគេចចូលផ្ទះ ខណ:គាត់បានបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្តមួយផ្សេងទៀត និងបើកបរគេចវេះ មិនព្រមចូលរួមសហការពិនិត្យជាតិអាល់កុល។

សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះផ្សព្វផ្សាយវីដេអូដែលចោទសមត្ថកិច្ចថា បានចុះចាប់បុរសម្នាក់ដល់មាត់ទ្វារផ្ទះ តាមពិតបុរសនោះរត់គេចវេះចូលក្នុងផ្ទះអ្នកជិតខាង ក្នុងពេលដែលគាត់បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្តមួយផ្សេងទៀត ហើយមិនព្រមចូលរួមសហការជាមួយប៉ូលិស ពិនិត្យជាតិអាល់កុល, ភាគីជនរងគ្រោះនៃរថយន្តម្ខាងទៀត ក៏បានចូលរួមបំភ្លឺដែរ។

តាមអង្គហេតុ បានបង្ហាញថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៣:០០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ដោយបុរសរត់គេចវេះនោះ មានចេតនាបំពាន នៅចំណុចខាងត្បូងបុរីរ៉ាន្នី លេីផ្លូវបេតុង៤២ ស្ថិតនៅភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ រវាងរថយន្ត Prius ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BR-4663 (រថយន្តបង្ក) និងរថយន្ត Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BE-3634។

ករណីគ្រោះថ្នាក់ចរាចរណ៍ដែលអ្នកបើកបរមានចេតនាបំពាននេះដែរ មន្ត្រីជំនាញបានចុះទៅដល់កន្លែងកេីតហេតុ ពិនិត្យមើល និងសាកសួរដំណើររឿងគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តទាំង០២គ្រឿងនោះ មានបញ្ហាវ៉ាជែងគ្នាទៅវិញទៅមក ចាប់តាំងពីផ្សារបែកចាន រហូតដល់កន្លែងកើតខាងលើ។ ដោយមុនពេលកើតហេតុ រថយន្ត Prius ពណ៌ក្រហម ដែលបានដឹកប្រពន្ធ និងកូនតូច០២នាក់ បានបើកវ៉ាជែងរថយន្ត Prius ពណ៌ទឹកមាស បន្ទាប់មករថយន្តទាំង០២គ្រឿងបើកបរមានលក្ខណៈឌឺដងដាក់គ្នា ដោយរថយន្ត Prius ពណ៌ទឹកមាស ក៏បើកវ៉ាជែងជិតនឹងប៉ះរថយន្ត Prius ពណ៌ក្រហម ខណៈនោះអ្នកបើកបររថយន្ត Prius ពណ៌ក្រហម បានស៊ីផ្លេដាក់រថយន្ត Prius ពណ៌ទឹកមាស, ហើយរថយន្ត Prius ពណ៌ទឹកមាស ក៏បានឈប់ ហើយស្រាប់តែបើកថយក្រោយ មកបុកនឹងរថយន្ត Prius ពណ៌ក្រហម, ពេលនោះភាគីទាំងពីរ ក៏បានប្រកែកគ្នា និងបម្រុងបង្កហិង្សាដាក់គ្នា នៅពេលនោះអ្នកបើកបររថយន្ត Prius ពណ៌ក្រហម ស្នើសុំឱ្យសមត្ថកិច្ចពិនិត្យជាតិអាល់កុលលើអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស ដែលសង្ស័យថាបើកបរក្នុងស្ថានភាពស្រវឹង ព្រោះគាត់បានឈប់ហើយ បែរជាបើករថយន្តថយក្រោយមកបំពានបុករថយន្តព្រោះពណ៌ក្រហមទៅវិញ។

បន្ទាប់មករថយន្ត Prius ពណ៌ទឹកមាស បានបើកទៅមុខ ខណៈនោះ អ្នកបើកបរថយន្ត Prius ពណ៌ក្រហម ក៏បើកដេញតាមក្រោយ ដើម្បីចង់ដឹងផ្ទះអ្នកបើករថយន្ត Prius ពណ៌ទឹកមាស នៅកន្លែងណា ដើម្បីមានគម្រោងដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចក្នុងករណីប្រើហិង្សា។ ខណៈដែលរថយន្ត Prius ពណ៌ក្រហម ដេញតាមពីក្រោយប្រកិតនោះ ក៏រថយន្ត Prius ពណ៌ទឹកមាស ក៏ចាប់ហ្វ្រាំងឈប់ ក៏បណ្តាលឱ្យរថយន្ត Prius ពណ៌ក្រហម ជ្រុលទៅបុកពីក្រោយរថយន្ត Prius ពណ៌ទឹកមាស បណ្តាលឱ្យរងការខូចខាតរថយន្ត Prius ពណ៌ក្រហម ផ្នែកខាងមុខ។

ក្រោយមក ភាគីខាងរថយន្ត Prius ពណ៌ទឹកមាស បានហៅបក្ខពួករបស់ខ្លួន ជិះរថយន្តម៉ាក Mazda ពាក់ផ្លាកលេខ ភ្នំពេញ 2BR-4328 មករំដោះខ្លួន (អ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស) ចេញពីកន្លែងកេីតហេតុ មានបំណងគេចវេះ ទើបសមត្ថកិច្ចបានដេញតាមហៅម្ចាស់រថយន្តបង្ក ឱ្យត្រឡប់មកវិញ ដើម្បីដោះស្រាយជាមួយភាគីម្ចាស់រថយន្តរងគ្រោះ និងពិនិត្យជាតិអាល់កុល។ បន្ទាប់មក ភាគីទាំង០២ ក៏បានសម្របសម្រួលគ្នា ដោយភាគីរថយន្ត Prius ពណ៌ទឹកមាស បានសងសំណងថ្លៃខូចខាត ចំនួន ១៥០ដុល្លារ ( មួយរយហាសិបដុល្លារ) ដល់រថយន្ត Prius ពណ៌ក្រហម ដើម្បីបញ្ចប់រឿង។

ការងារជាបន្តទៀត សមត្ថកិច្ចបានអញ្ជើញអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាសនោះ ឱ្យសហការជាមួយប៉ូលិស ពិនិត្យជាតិអាល់កុល ប៉ុន្តែនៅពេលនោះអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស បានរត់គេចខ្លួនចូលផ្ទះបងប្អូន ឬអ្នកជិតខាង នៅក្បែរកន្លែងកើតហេតុ ខណៈនោះសមត្ថកិច្ចក៏ដេញតាម ដើម្បីនាំគាត់ឱ្យចូលខ្លួនមកសហការ, ប៉ុន្តែអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស មិនព្រមសហការនោះទេ សមត្ថកិច្ចក៏ដកថយទៅវិញ។

បន្ទាប់មកទៀត សមត្ថកិច្ចក៏នាំយករថយន្ត Prius ពណ៌ទឹកមាស ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ ដើម្បីរង់ចាំឱ្យអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាសបង្កហេតុ ចូលមកទទួលយករថយន្តរបស់ខ្លួនវិញ។ លុះមកដល់ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានព្យាយាមទំនាក់ទំនងអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស ឱ្យចូលមកដោះស្រាយ បកស្រាយបំភ្លឺជុំវិញការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក ប៉ុន្តែភាគីអ្នកបើកបររថយន្ត Prius ពណ៌ទឹកមាស មិនព្រមចូលមកដោះស្រាយ និងទទួលយករថយន្តរបស់ខ្លួននោះទេ, នេះជាដំណើររឿង ដោយមានខាងភាគីជនរងគ្រោះមកបញ្ជាក់ផងដែរ។ សូមបងប្អូនសាធារណជន មេត្តាជ្រាប។

ទោះជាយ៉ាងណាក៏ដោយ មហាជនរិះគន់ថា បើគេរត់ចូលដល់ក្នុងផ្ទះទៅហើយនោះ គប្បីនាំខ្លួនគេ ត្រូវប្រើប្រាស់ដីកាតុលាការជាចាំបាច់៕ ពិសិដ្ឋ CEN

×