Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ព្រៃ​ឡ​ង់ នឹង ប្រារព្ធ​ពិធី​បុណ្យ​ព្រៃ​ឡង់ និង​បំបួស​ដើមឈើ ដែល​ជា​ព្រៃរបស់​យើងទាំងអស់គ្នា​

ភ្នំពេញ ​៖ សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ ទាំង​បួន​ខេត្ត ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល មាន​ជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជា​ជនជាតិដើម​ភាគតិច​កួយ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡ​ង់ និង​បំបួស​ដើមឈើ ដែល​ជា​ព្រៃរបស់​យើង​ទាំងអស់គ្នា ក្នុង​បំណង​ឧទ្ទិស និង​រំលឹក​គុណ​ដល់​ព្រៃឈើ និង​បួងសួង​សុំ​ឱ្យ​ព្រៃ​ឡង់​នៅ​គង់វង្ស ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​របស់​ជន​ជាតិ​ដើម​ភាគតិច​កួយ ដែល​រស់នៅ​ពឹង​អាស្រ័យ​នឹង​ព្រៃឈើ ដែល​ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច (​វាល​តា​នូ​) ក្នុង​តំបន់​ព្រៃ​ឡង់ ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​​ការ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡ​ង់ និង​បំបួស​ដើមឈើ កាលពី​១១​មករា បានឲ្យដឹងថា​ ​យើង​ខ្ញុំ​​ទាំង​អស់​គ្នា​ជា សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល មាន​ជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជា​ជនជាតិដើម​ភាគតិច​កួយ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡ​ង់ និង​បំបួស​ដើមឈើ ដែល​ជា​ព្រៃរបស់​យើងទាំងអស់គ្នា​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡ​ង់ និង​បំបួស​ដើមឈើ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ ៖

១. ឧទ្ទិស និង​រំឭក​គុណ​ដល់​ព្រៃឈើ និង​បួងសួង​សុំ​ឱ្យ​ព្រៃ​ឡង់​នៅ​គង់វង្ស ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​រស់នៅ​ពឹង​អាស្រ័យ​នឹង​ព្រៃឈើ​។​

២. ផ្សព្វផ្សាយ និង​លើក​កំពស់​ការយល់ដឹង​ដល់​ប្រជា​សហគមន៍ ក៏ដូចជា​សាធារណជន​ទូទៅ​ឱ្យ​បាន​ដឹងថា ព្រៃ​ឡង់​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ជា​ព្រៃ​ការពារ ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់​។​

៣. បង្ហាញ​នូវ​សក្កា​នុព​ល​របស់ព្រៃ​ឡ​ង់ ដល់​សាធារណជន​ទូទៅ និង​ដើម្បី​រូ​ម​ចំណែក​ចូលរួម​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុង​បុព្វហេតុ​ការពារ​ព្រៃ​ឡ​ង់​។​

​សេចក្តី​ដូច​បាន ប្រគេន និង​ជម្រាបជូន​ខាងលើ​នេះ ទុក​ជា​ដំណឹង និង​ការគោរព និមន្ត និង​អញ្ជើញ ស្ថាប័ន​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន វិស័យ​ឯកជន អង្គការ​ដៃគូ សារព័ត៌មាន​ជាតិ និង​អន្តរជាតិ សិស្ស និស្សិត សាសនិក​ជន សប្បុរសជន​ជិត​ឆ្ងាយ​ក្នុង និង​ក្រៅប្រទេស និង​សាធរណៈ​ជន​ទូទៅ ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នេះ នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច (​វាល​តា​នូ​) ក្នុង​តំបន់​ព្រៃ​ឡង់ ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង​៕ ​ដោយ ​៖​ កូឡាប​

  

×