ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមករា បានប្រកាសសាលក្រម ក្រុមជួញដូរគ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ចំនួន៦នាក់ ក្នុងនោះត្រូវផ្តន្ទាទោសមេខ្លោងម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ និងបក្ខពួក៥នាក់ទៀត ដោយម្នាក់ៗ ជាប់គុករយៈពេល៣ឆ្នាំ។
មេខ្លោងគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ឈ្នោះ ហុង រត្ថា ហៅឌីត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនជាប់ចោទប្រាំនាក់ទៀត ទី១-ឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ, ទី២-ឈ្មោះ ឡុង គីមជី ភេទប្រុស អាយុ២៤ឆ្នាំ, ទី៣-ឈ្មោះ សុបិន រតនា ភេទប្រុស អាយុ២៩ឆ្នាំ, ទី៤-ឈ្មោះ ព្រីង ភឿន ភេទប្រុស អាយុ៣៤ឆ្នាំ និងទី៥-ឈ្មោះ អៀ អ៊ីលិង ភេទស្រី អាយុ១៩ឆ្នាំ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង និងជំនាញខេត្តកណ្តាល បានបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនម៉ាទឹកកក នៅចំណុចភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ និងដកហូតបានថ្នាំញៀនម៉ាទឹកកក ចំនួន ១៧កញ្ចប់ (តូច១៥ មធ្យម២) ទូរសព្ទ័ ចំនួន ២គ្រឿងម៉ូតូ ចំនួន ១គ្រឿង កាំភ្លើងកែច្នៃ ចំនួន១ដើម សម្ភារៈប្រើប្រាស់ និង វេចខ្ចប់មួយចំនួនទៀត៕ ដោយ ៖ បញ្ញាស័ក្តិ