សហស្ថាបនិករបស់វេបសាយអាសអាភាសដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានតុលាការក្នុងទីក្រុងសេអ៊ូល កាត់ទោសឲ្យជាប់ពន្ធធនាការរយៈពេល ៤ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់BBC នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ស្ត្រីជាសហស្ថាបនិករបស់វេបសាយ Soranet នោះមានឈ្មោះថា Song។ គាត់មានទោសពីបទផ្តល់ជំនួយ និងញុះញង់ឲ្យមានការចែកចាយបន្តនូវវីដេអូអាសអាភាស។
វេបសាយ Soranet មានអ្នកប្រើប្រាស់ច្រើនជាង ១លាននាក់ និងមានផ្ទុកវីដេអូខុសច្បាប់រាប់ពាន់ ដែលវីដេអូភាគច្រើនត្រូវបានគេលួចថតដោយកាមេរ៉ាបង្កប់។ វិដេអូទាំងនោះ ត្រូវបានគេចែកចាយយ៉ាងច្រើនដោយគ្មានការយល់ព្រមពីស្ត្រីដែលត្រូវបានគេលួចថត។
ការផលិត និងចែកចាយរឿងអាសអាភាសគឺជារឿងខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ចំណែកវេបសាយអាសអាភាសនោះត្រូវបានគេបិទចោលផងដោយ ដោយសារមានការតវ៉ាពីសាធារណៈ។
អ្នកស្រី Song វ័យ ៤៦ឆ្នាំ ក៏ត្រូវបានតុលាការពិន័យប្រាក់ចំនួន ១,២៥លានដុល្លាផងដែរ និងបានបញ្ជាឲ្យអ្នកស្រីចូលស្តាប់វគ្គអប់រំស្តីពីការការពារអំពើហឹង្សារផ្លូវភេទរយៈពេល ៨០ម៉ោងផងដែរ។
សូមបញ្ជាក់ថា អ្នកស្រី Song គឺជាសហស្ថាបនិកម្នាក់ក្នុងចំណោម ៤នាក់ រួមមានប្តីអ្នកស្រីផង ដែលអ្នកទាំង ៤បានបើកដំណើរការវេបសាយតាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៦ ដោយការប្រើប្រាស់ server ពីក្រៅប្រទេសមក។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានកូរ៉េខាងត្បូង The Korean Herald។
សហស្ថាបនិក ៣នាក់ផ្សេងទៀត ដែលមានលិខិតឆ្លងដែនបរទេស បានរត់គេចខ្លួនរហូតមកដល់ បច្ចុប្បន្ន៕ សុភ័ក្ត្រ
ប្រភព៖ BBC