ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានធ្វើ់ការព្រមានសារជាថ្មីថា លោកនឹងប្រកាសប្រទេសក្នុងគ្រោះអាសន្ន ដើម្បីយកថវិកាចាយលើការសង់ជញ្ជាំងព្រំដែន ដោយមិនបាច់មានការអនុម័តពីសភា។ នេះបើតាមការចុះផ្សាយរបស់ BBC។
លោកបានថ្លែងប្រាប់អ្នកសារពត៌មានថា “ខ្ញុំមានសិទ្ធិក្នុងការប្រកាសប្រទេសជាតិក្នុងគ្រោះអាសន្ន”។
គាត់ក៏បញ្ជាក់ផងដែរថា ប្រទេសមិចស៊ិចកូនឹងធ្វើការចំណាយលើការកសាងជញ្ជាំងដោយប្រយោល។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាមេរិចបានជាប់គាំងមិនដំណើរការអស់រយៈពេល ២០ថ្ងៃមកហើយ ដោយសារតែមិនទាន់មានការព្រមព្រៀងគ្នាលើការចំណាយថវិការដ៏ច្រើន។ លោកត្រាំ ត្រូវការថវិកាជិត ៦ពាន់លានដុល្លាដើម្បីចាយលើការសាងសង់ជញ្ជាំងព្រំដែន ប៉ុន្តែខាងបក្សប្រជាធិបតេយ្យ ដែលគ្រប់គ្រងសភា ជំទាស់។
កម្មករចំនួនជាង ៨០០.០០០នាក់មិនទាន់បានទទួលប្រាក់ខែនៅឡើយទេមកទល់ពេលនេះ។
លោក ត្រាំ បានបដិសេធមិនព្រមធ្វើការចុះហត្ថលេខាលើច្បាប់ ដើម្បីផ្តល់ថវិកា និងបើកដំណើរការរដ្ឋាភិបាលជាថ្មី ប្រសិនជាកញ្ចប់ថវិការនោះមិនមានបញ្ជូលថវិការ ៥,៧ពាន់លានដុល្លារ ដែលលោកចង់បានសម្រាប់ការចំណាយលើជញ្ជាំងព្រំដែនជាមួយនឹងប្រទេសមិចស៊ិចកូ៕ សុភ័ក្ត្រ
ប្រភព៖ BBC