ខេត្តព្រះសីហនុ៖ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ លោក ទុំ ណូ បានឲ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ថា ស្ថាប័នខ្លួនបានចាប់រថយន្តតទំនើបចង្កូតស្តាំបន្លំពន្ធចំនួន ៩គ្រឿង យកមករក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត។
លោកបន្តថា រថយន្តចង្កូតស្តាំខាងលើនេះ ត្រូវបានចាប់រឹបអូសជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រតិបត្តិការបង្ក្រាបអំពើ រត់គេចពន្ធពីសំណាក់សមត្ថកិច្ចគយ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ពន្ធ័។
លោក ទុំ ណូ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា រថយន្តទំនើបចង្កូតស្តាំបន្លំពន្ធទាំងអស់នេះ នឹងត្រូវដកហូតទុកជាសម្បត្តិរដ្ឋ ដោយមិនមានការដោះស្រាយបង់ជាប្រាក់ពិន័យឲ្យម្ចាស់នាំយកទៅវិញនោះទេ។ ក្រៅពីនេះលោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុថ្លែងថា ការប្រមូលប្រាក់ពន្ធជូនរដ្ឋក្នុងឆ្នាំ២០១៨កន្លងទៅ សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ប្រមូលប្រាក់ពន្ធបង់ចូលថវិការដ្ឋបាន ជាង១០៤ពាន់លានរៀល។ ចំពោះការបង្ក្រាបបទល្មើសគេចពន្ធវិញ មានជាង១២០ករណី ទាំងមធ្យោបាយយានយន្ត និងទំនិញផ្សេងៗមួយចំនួនទៀត៕ ដោយ ៖ ដែន សីមា