យោងតាម Buziness Tody បានឲ្យដឹងថា លោកតាលោកយាយ Vijayan និង Mohana បានរៀបការរួមរស់ជាមួយគ្នាអស់រយៈពេល ៤៥ ឆ្នាំ មកហើយ បានបើកហាងកាហ្វេមួយឈ្មោះថា Sree Balaji Coffee House នៅ Kochi ប្រទេសឥណ្ឌា ។ បើទោះបីជាឈ្មោះដ៏ល្បី តែហាងនេះគ្រាន់តែជាហាងតែធម្មតាប៉ុណ្ណោះ ។
មុនពេលបង្កើតតូបលក់ នៅក្នុងឆ្នាំ១៩៦៣ លោកតា Vijayan បានលក់តែនៅតាមដងផ្លូវ ដើម្បីសន្សំលុយទុកសម្រាប់ក្តីសុបិន្តដ៏រំភើបរបស់ពួកគាត់ ។ ឥឡូនេះ អ្នកនឹងប្រាកដជាឆ្ងល់ហើយ ពីវិធីសាស្ត្រដែលពួកគាត់អាចសន្សំលុយបានគ្រប់គ្រាន់ សម្រាប់ការធ្វើដំណើរទេសចរណ៍ទៅកាន់ពិភពលោក តាមរយៈគ្រាន់តែលក់តែសោះ ?
ពិតមែនហើយ ប្តីប្រពន្ធដែលមានវ័យប្រហែល ៧០ ឆ្នាំ ស្របាលៗគ្នានេះ បានមានយុទ្ធសាស្ត្រមួយដែលជួយឲ្យពួកគាត់ អាចសម្រេចគោលដៅរបស់គាត់បាន ។ រៀងរាល់ថ្ងៃ ពួកគាត់សន្សំលុយបាន INR300 ពីប្រាក់ចំណេញពីការលក់នេះ ។ ពួកគាត់ពុំមានបុគ្គលិកទេ គឺពួកគាត់បើកហាងលក់ដោយខ្លួនឯង ។
ពួកគាត់ក៏បានព្យាយាមមិនចំណាយលុយច្រើន ក្នុងអំឡុងពេលធ្វើដំណើរ ពោលគឺត្បិតត្បៀតខ្លាំងណាស់ ។ យ៉ាងណាក៏ដោយ វាមិនងាយស្រួលសន្សំប្រាក់សម្រាប់ក្តីសុបិន្តនេះទេ ដែលហេតុនេះ គឺពួកគាត់ត្រូវជ្រើសរើសយកកម្ចីមួយចំនួន ដើម្បីធ្វើដំណើរជុំវិញពិភពលោក ។ បន្ទាប់ពីនោះ ពួកគាត់បានចំណាយ៣ឆ្នាំ ដើម្បីសងបំណុលធនាគារ ហើយពួកគាត់នឹងបន្តជាមួយយុទ្ធសាស្ត្រនេះ សម្រាប់រាល់ការធ្វើដំណើរសម្រាប់ប្រទេសដែលពួកគាត់បានទៅ ។
ដើម្បីបង្ហាញពីដំណើរផ្សងព្រេងរបស់ពួកគាត់ នៅតាមបណ្តាប្រទេសផ្សេងៗ លោកតាលោកយាយ Vijayan និង Mohana បានបង្កើត poster និងដាក់ព្យួរពួកវានៅលើជញ្ជាំងហាងរបស់ពួកគាត់ ។ ពួកគាត់ក៏បានបង្ហាញរូបិយប័ណ្ឌជាច្រើនពីប្រទេសផ្សេងៗគ្នា នៅក្នុងហាងរបស់ពួកគាត់ដល់អតិថិជនបានឃើញផងដែរ ។
យោងតាម Vijayan ប្រទេសដែលគាត់ពេញចិត្ត ទៅលេងគឺ សិង្ហបុរី ស្វីស និងញ៉ូវយ៉ក (អាមេរិក) ។ សម្រាប់ដំណើរផ្សងព្រេងបន្ទាប់ទៀត គាត់គ្រោងទៅកាន់ប្រទេសដូចជា៖ Sweden Denmark Netherlands Greenland Norway ៕ ឧត្តម