ភ្នំពេញ៖ ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធាឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដែលមានចំនួន ៦មណ្ឌល គឺនៅមណ្ឌលរាជធានីភ្នំពេញ យោធភូមិភាគ ទី១ ទី២ ទី៣ ទី៤ និងទី៥ ដោយផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងជាប្រធានអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ បានបញ្ជាក់ថា ការជ្រើសរើសនាយទាហាននេះ គឺជ្រើសរើសនាយទាហានដែលមានសមត្ថភាពពិតប្រាកដ តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគ្មានការអន្តរាគមន៍ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ នេះ មានការកើនឡើងបើប្រៀបធៀបទៅនិងឆ្នាំ២០១៨ កន្លងមក ហើយការកើនឡើងនេះបានកើនឡើងនៅតាមបណ្តាយោធភូមិភាគ។
នេះដោយសារការមើលឃើញនៃការជ្រើសរើសនាយទាហាននៃកងយោពលខេមរភូមិន្ទបណ្ដាឆ្នាំមុនៗកន្លងមកមានភាពសុក្រឹតយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព។
លោកបានបញ្ជាក់ថា “ភារកិច្ចចម្បងរបស់យើងនៅក្នុងការជ្រើសរើសនាយទាហាននេះ គឺយើងជ្រើសរើសនាយទាហានដែលមានសមត្ថភាពពិតប្រាកដ ទៅតាមវិធានការ វិធីសាស្ត្រតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌។ នេះគឺជាគោលដៅធំដែលថ្នាក់ដឹកនាំប្រគល់ឲ្យ។
សង្ឃឹមថាគណៈកម្មការនឹងទទួលបានជោគជ័យបន្ថែមទៀតដោយសិក្សាអំពីចំណុចខ្វះខាតពីឆ្នាំកន្លងទៅ ហើយត្រូវធ្វើផែនការឲ្យច្បាស់លាស់ទាំងនិតិវិធី សម្ភារៈ ពេលវេលា សំដៅយកសុក្រិតភាព និងប្រសិទ្ធភាព។
ការជ្រើរើសបេក្ខជនឲ្យចូលបម្រើកងទ័ពតាមរយៈគណៈកម្មការប្រលងជ្រើសរើសនាយទាហាននេះ ធ្វើយ៉ាងណាយើងរើសឲ្យបានសុក្រឹត រើសឲ្យបានត្រឹមត្រូវ។ និយាយរួមគឺមានតែគោលការណ៍មួយគត់ ឲ្យអ្នកជាប់ ជាប់ដោយសមត្ថភាព និងមានមោទនភាព អ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត៕ ដោយ ៖ បញ្ញាស័ក្តិ