ភ្នំពេញ ៖ កងរាជអាវុធហត្ថបានចេញរបាយការណ៍បទល្មើស ដែលកើតឡើងឆ្នាំ២០១៨ មានចំនួន៣.៧៧១លើ៤.៦១៧លើក ត្រូវបានបង្ក្រាបចំនួន២.៥៤៩លើ២.៧២៧លើក ក្នុងនោះជនល្មើសចំនួន ៣.៧៨៥នាក់ ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ទន្ទាទោសតាមនីតិវិធីច្បាប់។ បទល្មើសមានការថយចុះ ទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែសកម្មភាពតវ៉ាផ្សេងៗមានការកើនឡើង ជាពិសេសករណីកូដ្ឋកម្ម និងការប្រមូលផ្តុំមនុស្ស ជាមួយនឹងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាបានភាពស្ងប់ស្ងាត់ល្អ ។
បើតាមការផ្សាយរបស់វេបសាយក្រសួងការពារជាតិ កាលពីថ្ងៃទី១៥ខែមករានេះ បានឲ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅផែនការការងារឆ្នាំ២០១៩ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុហត្ថលើផ្ទៃប្រទេស។ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅក្នុងរបាយការណ៍ស្វាគមន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា៖ ក្នុងឆ្នាំ២០១៨ បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាបានភាពស្ងប់ស្ងាត់ល្អ។ បទល្មើសមានការថយចុះ ទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែសកម្មភាពតវ៉ាផ្សេងៗមានការកើនឡើង ជាពិសេសករណីកូដ្ឋកម្ម និងការប្រមូលផ្តុំមនុស្ស។ ហើយគ្រោះថ្នាក់ចរាចរណ៍ក៏មានការកើនឡើងដែរ ក្នុងនោះមាននាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ បានស្លាប់ ចំនួន១១នាក់ផងដែរ។ លោក មេបញ្ជាការបន្តថា៖ បើប្រៀបធៀបនឹងសន្តិសុខសណ្តាប់ធ្នាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ បទល្មើសកើតឡើង ចំនួន៣.៧៧១លើ៤.៦១៧លើក ត្រូវបានបង្ក្រាបចំនួន២.៥៤៩លើ២.៧២៧លើក ក្នុងនោះជនល្មើសចំនួន ៣.៧៨៥នាក់ ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ទន្ទាទោសតាមនិតិវិធីច្បាប់។ ទន្ទឹមនឹងនេះ កម្លាំងកងរាជអាវុធហត្ថបានអនុវត្តតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន ក្នុងនោះចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ ធ្នាប់ ជូនគណៈប្រតិភូជាតិ កិច្ចប្រជុំធំ តូច និងព្រះរាជពិធីសម្ពោធសមិទ្ធិផលនានា របស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីបុណ្យនានា ចំនួន១៣១.៣៨៤លើក ប្រើប្រាស់កម្លាំងជាង១លាននាក់ រថយន្តជាង១៤ម៉ឺនគ្រឿង និងទោចចក្រក្រយានយន្ត ជាង៣១ម៉ឺនគ្រឿងផងដែរ។ ក្រៅពីនោះក៏នៅមានសកម្មភាពសង្គ្រោះ ការងារសណ្តាប់ធ្នាប់ ការងារអប់រំ ការងារបង្ក្រាប ការងារសង្គមកិច្ច និងការងារជាច្រើនដល់សង្គម។ លោក សៅ សុខា បញ្ជាក់ទៀតថា៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំត្រៀមកម្លាំងទាំង៤ទិស នៅជុំវិញរាជធានីភ្នំពេញ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នៅពេលមានសកម្មភាព ឬព្រឹត្តិការណ៍ណាមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងឱកាសនោះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់នាយ នាយរង និងពលអាវុធហត្ថ ដែលកន្លងមកនេះ បានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អរបស់ខ្លួន នៅក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ៖ កម្លាំងកងរាជអាវុធហត្ថជាមន្ត្រីយុត្តិធម៌ ជាកម្លាំងស្នូល ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ជាពិសេសកម្លាំងអន្តរាគមន៍ដ៏ទាន់ពេលវេលា និងនៅជាប់លាប់ជានិច្ច ជាមួយប្រជាពលរដ្ឋ។ បើទោះជាយ៉ាងនេះក្តី សម្តេចពិជ័យសេនា ស្នើឱ្យកម្លាំងកងរាជអាវុធហត្ថទាំងអស់ បន្តពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីការពារឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ និងបានជំរុញលើកទឹកចិត្ត ឲ្យកងរាជអាវុធហត្ថទាំងអស់ បន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អបន្ថែមទៀត ដោយសហការជាមួយកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ អនុវត្តនូវតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ និងការពារសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ ដោយ ៖ កូឡាប