ប្រធានក្រុមហ៊ុន MARUHAN បានប្រាប់សម្តេចតេជោ ហ៊ុន សែនថា ក្រុមហ៊ុន MARUHANបានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះថា ស្ថាបនា ដែលបច្ចុប្បន្ននេះប្តូរពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារស្ថាបនាវិញហើយ ធនាគារនៅកម្ពុជា មានទឹកប្រាក់ប្រមាណ ១២០លានដុល្លារអាមេរិក ដែលមានសាខា ១៦៨កន្លែងនៅទូទាំងប្រទេស មានបុគ្គលិក ៤៣០០នាក់ ។
ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Han Chang Woo ប្រធាន និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន MARUHAN ។ លោក Han Chang Woo បានជម្រាប សម្តេចតេជោ ថា ១០ឆ្នាំកន្លងទៅនេះ កម្ពុជាមានការរីកចម្រើនយ៉ាងលឿន នេះគឺដោយសារភាពប៉ិនប្រសព្វ និងឈ្លាសសវៃរបស់ សម្តេចតេជោ ក្នុងការដឹកនាំប្រទេស។
កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន MARUHAN បានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះថា ស្ថាបនា ដែលបច្ចុប្បន្ននេះប្តូរពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារស្ថាបនាវិញ ដែលមានអ្នកបច្ចេកទេស និងអ្នកទទួលខុសត្រូវ មកពីប្រទេសជប៉ុនផង និងនៅកម្ពុជាផង។ ក្រុមហ៊ុនមានគម្រោងសាងសង់អគារទីស្នាក់ការកណ្តាលស្ថិតនៅ ផ្លូវនរោត្តម រាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ដែលនឹងសាងសង់រួចរាល់ នៅឆ្នាំ២០២០ខាងមុខ ដោយមានកម្ពស់២២ជាន់អស់ទឹកប្រាក់ប្រមាណ ៦០ លានដុល្លារ។
សព្វថ្ងៃនេះធនាគារនៅកម្ពុជាទឹកប្រាក់ប្រមាណ ១២០លានដុល្លារអាមេរិក ដែលមានសាខា ១៦៨កន្លែងនៅទូទាំងប្រទេស មានបុគ្គលិក ៤,៣០០នាក់ ស្មើនឹង១៥% នៃបុគ្គលិកបម្រើការងារនៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។
លោក Han Chang Woo បានថ្លែងអំណរគុណ សម្តេចតេជោ ដែលកាលពី១០ឆ្នាំមុន លោកបានជួបជាមួយ សម្តេច ហើយទទួលបានការណែនាំពី សម្តេច ដែលបានកើតចេញជាលទ្ឋផលនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីធនាគារនៅកម្ពុជា ក្រុមហ៊ុនលោកមានការវិនិយោគទីលានវាយហ្គោលចំនួន ១៧ នៅជប៉ុន។ សព្វថ្ងៃនេះមានក្រុមហ៊ុនជប៉ុនជាង ២៥០ ដែលមានជំនឿចិត្តក្នុងការបណ្តាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា ។ ក្រៅពីវិនិយោគ ក្រុមហ៊ុន MARUHAN បានចូលរួមក្នុងកិច្ចកាសង្គមយ៉ាងសកម្មផងដែរដូចជាជីកអណ្តូងទឹកស្អាត សាងសង់សាលារៀន និង គាំទ្រលើវិស័យកីឡាជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការរីកចំរើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជាពិសេសការបើកចំហរលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិរួមទាំងការអនុញ្ញាតឲ្យវិនិយោគិនបរទេសអាចមកវិនិយោគផ្ទាល់១០០% នៅកម្ពុជា។ សម្តេចតេជោ ក៍បានជំរុញឲ្យលោក Han Chang Woo បន្តវិនិយោគនៅកម្ពុជា ហើយបន្តចូលរួមជួយក្នុងវិស័យសង្គម ជាពិសេសវិស័យកីឡា ដោយសារកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។ សម្ដេចតេជោ បានបញ្ជាក់ថាអំពីការពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រី ជប៉ុន Shinzō Abe ដើម្បីជំរុញអ្នកវិនិយោគទុនជប៉ុនមកកម្ពុជា ក្នុងនោះគឺបានជំរុញជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា (Anna Aire) ហើយក្នុងនោះក៏មានការវិនិយោគជប៉ុនមកកម្ពុជា និងការសាងសង់ហេដ្ឋារចនាសម្ពន្ធ័ច្រើនបន្ថែមទៀត ៕ ដោយ៖កូឡាប