Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ រំពឹង​ទទួលបាន​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​ឆាប់ៗ ពី​អភិបាលខេត្ត​ព្រះសីហនុ និង​សាលាដំបូង​ខេត្ត​នេះ​

​ព្រះសីហនុ ៖ តំណាង​សហគមន៍​អូរ​ខ្សាច់ ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​អូស​បន្លាយពេល​យូរ​ឆ្នាំ មាន​ទីតាំង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ រំពឹងថា នឹង​ទទួលបាន​យុត្តិធ៌ម​ដីធ្លី​ក្នុង​ពេល​ឆាប់ៗ​នេះ ព្រោះ​សង្កេតឃើញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​ប្រព័ន្ធ​តុលាការ​ខេត្ត​នេះ មាន​សកម្មភាព​ការងារ​ល្អ និង​តែង​ផ្តល់​យុត្តិធ៌ម​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​គំរាម​ធ្វើបាប​។

លោកស្រី ឡុច ទូច តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅ​សហគមន៍​អូរ​ខ្សាច់ មាន​ទីតាំង​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាសន៍​ឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​ថា ការស្វែងរក​យុត្តិធ៌ម​ដីធ្លី របស់​ពលរដ្ឋ​នៅ​សហគមន៍​នេះ អូសបន្លាយ​ពេល​ជាង ១០​ឆ្នាំ​មកនេះ មិនទាន់​ទទួលបាន​យុត្តិធ៌ម​ទេ​។

​យ៉ាងនេះក្តី តំណាង​រូបនេះ រំពឹងថា យុត្តិធ៌ម នឹង​មាន​សម្រាប់​ពលរដ្ឋ​ក្រីក្រ របស់​ពួកគាត់​នៅ​សហគមន៍​អូរ​ខ្សាច់​ក្នុង​ពេល​ឆាប់ៗ ព្រោះ​ពលរដ្ឋ​រំពឹង​ទៅលើ​ការដឹកនាំ​ដ៏​ល្អ របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​នៅពេល​បាន​មក​ដឹកនាំ​ខេត្ត​នេះ លោក​បាន​ចុះ​ដល់​មូលដ្ឋាន និង​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ជួប​កង្វល់​ផ្សេងៗ ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ឲ្យ​តាមច្បាប់ ដោយ​ឈរ​លើ​គោល​នយោបាយ​ឈ្នះៗ​ទាំងអស់គ្នា​។

​ក្តីរំពឹង របស់ លោកស្រី ឡុច ទូច តំណាង​សហគមន៍​អូរ​ខ្សាច់​បែបនេះ គឺ​បាន​កើតមាន​ជាថ្មីទៀត បន្ទាប់​ពី​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរ រូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត ព្រមទាំង​មន្ត្រី​ស្ថាប័ន​ជំនាញ​ជាច្រើន​ទៀត នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទៅ​វាស់វែង​ព្រំ ឬ​កំណត់​ក្បាល​ដី​មាន​ទំនាស់ រវាង​ភាគី​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ជាមួយ​ភាគី លោក ប៉ុន សារឿ​ន និង​លោក សុខ ងួន ជាដើម មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ២៧​ហិកតារ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​។

បន្ថែម​លើ​នេះ លោកស្រី ឡុច ទូច តំណាង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ក៏​បាន​កោតសរសើ​រកា​រ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ នៅ​កម្ពុជា ពិសេស​សកម្មភាព​ការងារ​ជា​វិជ្ជមាន របស់ ថ្នាក់ដឹកនាំ និង​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​បំពេញ​តួនាទី​ការងារ ទៅលើ​សំណុំរឿង​ផ្សេងៗ ពិសេស​សំណុំរឿង​ទាក់ទង​ទំនាស់​ដីធ្លី នៅតាម​សហគមន៍​ពលរដ្ឋ​ក្រីក្រ​ជា​បន្តបន្ទាប់​មក​នេះ មាន​ភាពត្រឹមត្រូវ​គួរឲ្យកត់សម្គាល់​។

លោកស្រី ឡុច ទូច បន្តទៀតថា វិវាទ​ដីធ្លី​នេះ​កន្លង​មក​ពលរដ្ឋ​សហកមន៍​អូរ​ខ្សាច់ ក៏​ធ្លាប់បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ រួមមាន​៖ ខុទ្ទការល័យ​សម្តេច​នាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា និង​ព្រឹទ្ធសភា​ជាដើម ឲ្យជួយ​អន្តរាគមន៍ និង​ផ្តល់​យុត្តិធ៌ម​ជូន​ពលរដ្ឋ ប៉ុន្តែ​មិន​ទាន់​ទទួលបាន​ជោគជ័យ​នោះទេ​។

​វិវាទ​នេះ លោកស្រី ឡុច ទូច បន្តថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏​ធ្លាប់​បាន​ចេញ​លិខិត​ជួយ​អន្តរាគមន៍ ទៅកាន់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​បន្ត​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ​នេះ ជា​បន្តបន្ទាប់​រួចមកហើយ​ដែរ​។​

​លិខិត​អន្តរាគមន៍​របស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដាក់ជូន លោក យន្ត មីន ជួយ​ពិនិត្យ​សម្របសម្រួល​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ នៅ​សហគមន៍​អូរ​ខ្សាច់ គឺ​រហូត​មកដល់ពេលនេះ មិនទាន់​ទទួលបាន​លទ្ធផល​ជាវិ​ជ្ជច្រើន​នោះទេ ប៉ុន្តែ​កំពុង​វិវត្តន៍​ទៅ​រក​ភាព​ជោគជ័យ​គួរឲ្យកត់សម្គាល់​។​

ផ្តើម​ពី​បញ្ហា​នេះ លោកស្រី ឡុច ទូច សំណូមពរ​ដល់ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន និង លោក ម៉ុង មុន្នី​ចរិយា ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពិសេស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​ដោះស្រាយ​បញ្ចប់​សំណុំរឿង​លើ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ ជូន​ពលរដ្ឋ​នៅ​សហគមន៍​អូរ​ខ្សាច់ ចប់​ឲ្យបាន​ឆាប់ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​យុត្តិធ៌ម និង​អាច​ប្រើប្រាស់​ដីធ្លី ឲ្យមាន​សុវត្ថិភាព​ដូចដើម​វិញ​។

​លោកស្រី ឡុច ទូច ដែល​ធ្លាប់​ត្រូវបាន​តុលាការ និង​សមត្ថកិច្ច​ចម្រុះ ចាប់​ដាក់គុក និង​ដាក់​ខ្នោះ​ដៃជើង ផង​នោះ បានឲ្យដឹងថា ពលរដ្ឋ​រស់នៅ​សហគមន៍​អូរ​ខ្សាច់ ដែល​មាន​ទំនាស់​ដីធ្លី​នេះ គឺ​មាន​វិវាទ​ជាមួយ លោក ប៉ុន សារឿ​ន អតីត​ចៅសង្កាត់​រង​សង្កាត់​លេខ​១ និង​ក្រោយមក​មាន​គេ​ប្រាប់ថា បុគ្គល​រូបនេះ បាន​ឡើង​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោកស្រី​មិន​ដឹង​ច្បាស់​ថា លោក ប៉ុន សារឿ​ន បន្ត​មាន​តួនាទី​ដដែល ឬក៏​ត្រូវ​រាជរដ្ឋាភិបាល បាន​ដកហូត​តួនាទី​ចេញ បែបណា​នោះ​ទេ​?​។

​ទំនាស់​នេះ លោកស្រី ឡុច ទូច ឲ្យដឹងថា ពលរដ្ឋ​ពួកគាត់ ក៏​ធ្លាប់​បាន​ដាក់​ពាក្យបណ្ដឹង​រដ្ឋប្បវេណី​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០១៤ ស្នើសុំ​មោឃៈ និង​រំលាយ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​ត្រូវ​ភាគី​ទំនាស់ លោក ប៉ុន សារឿ​ន និង​លោក សុខ ងួន បាន​ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​ដី​ពលរដ្ឋ​មាន​ផ្ទៃដី​សរុប​ចំនួន ២៧​ហិកតារ​។​

​តំណាង​រូបនេះ​ចោទ លោក ប៉ុន សារឿ​ន ថា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ខ្លះ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត កាលពី​អាណត្តិ​កន្លងទៅ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ មាន​ទីតាំង​នៅ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ទាំង​ពលរដ្ឋ​បាន​មិន​បានដឹងខ្លួន​។

​លោកស្រី​បន្ត​ថា ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ដែល​រងគ្រោះ​ដីធ្លី​ទាំងអស់ ធ្លាប់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា និង​ទាមទារ​រក​យុត្តិធម៌​ពី​ស្ថាប័ន​ពាក់ព័ន្ធ មាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សាលាដំបូង​ខេត្ត​នេះ រហូត​ដល់​ស្ថាប័ន​កំពូលៗ​ថ្នាក់ជាតិ ឲ្យជួយ​ដោះស្រាយ​ជម្លោះ​នេះ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​វិជ្ជមាន​ទេ គិត​ត្រឹម​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​។

​ទោះជា​បែប​នេះ​ក្តី លោកស្រី ឡុច ទូច មាន​ជំនឿ​មុតមាំ​ថា តាមរយៈ លោក យន្ត មីន ដែល​បាន​មក​ដឹកនាំ ជា​អភិបាលខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់ដឹកនាំ និង​មន្ត្រី​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​អាណត្តិ​នេះ នឹង​អាច​ជួយ​ផ្តល់​យុត្តិធ៌ម​ដីធ្លី​ពិតប្រាកដ ជូន​ពលរដ្ឋ​នៅ​សហគមន៍​អូរ​ខ្សាច់ និង​សហគមន៍​រងគ្រោះ​ដីធ្លី​ផ្សេងៗ​ទៀត ឲ្យទទួល​បាន​ជោគជ័យ ឬ​ទទួល​បាន​យុត្តិធ៌ម​ក្នុង​ពេល​ឆាប់ៗ​នេះ ជាមិនខាន​។

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ដល់ រដ្ឋបាល​ខេត្ត​នេះ ពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជួយ​ចាត់​មន្ត្រី​ឯករាជ្យ​ចុះ​អង្កេត​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ចប់​ឲ្យបាន​ឆាប់​។

​វិវាទ​នេះ​ដែរ មន្ត្រី​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល បាន​កត់សម្គាល់​ថា ដើមហេតុ​ទំនាស់​នៅ​សហគមន៍​អូរ​ខ្សាច់ ស្ថិតក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ​នេះ ទំនងជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ រវាង​ឈ្មួញ​ដី ជាមួយ​បុគ្គល​បំរើ​ការងារ នៅតាម​ស្ថាប័ន​ជំនាញ​ខ្លះ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ ដើម្បី​ប្លន់​យក​ដី​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​ប្រើ​ប្រព័ន្ធតុលាការ និង​កងកម្លាំងប្រដាប់អាវុធ សម្រាប់​សម្លុត​គំរាម និង​ចាប់​ពលរដ្ឋ ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ដាក់គុក​ច្រ​វ៉ាក់​ជាដើម​។

​លោកស្រី ជៀ​ប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដី​ទំនាស់​ជាក់ស្ដែង នៅ​សហគមន៍​អូរ​ខ្សាច់ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​។ លោកស្រី​បាន​ទទូច​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ រស់នៅ​សហគមន៍​នេះ ចប់​ឲ្យបាន​ឆាប់ និង​មាន​លទ្ធផល​វិជ្ជមាន​ទាំង​គ្រប់​ភាគី​ទំនាស់​អាច​ទទួលយកបាន​ទាំងអស់គ្នា​។​
​អ្នកឃ្លាំមើល​សង្គម​រូបនេះ ក៏​ស្នើ​ដល់​មន្ត្រី​ជំនាញ​នៅតាម​មន្ទីរ ឬ​ស្ថាប័ន​រដ្ឋ​នី​មួយៗ ពិសេស​សាលាដំបូង​ខេត្ត​ព្រះសីហនុ មុន​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​បុគ្គល ឬ​កាត់ក្តី​ទៅលើ​សំណុំរឿង​ដីធ្លី ត្រូវ​ចុះ​ស៊ើបអង្កេត​ដល់​ទីតាំង​កើតមាន​ទំនាស់​ជាក់ស្ដែង​ឲ្យបាន​ត្រឹមត្រូវ​ជា​មុន​សិន​។​

​ត្រង់​ចំណុច​នេះ លោកស្រី ជៀ​ប សុធា​រី សង្ស័យថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​វិវាទ​ជាង ២០​សហគមន៍​នា​ខេត្ត​ព្រះសីហនុ​នា​ពេល​កន្លង​ទៅ អាច​ផ្ដើម​ពី​ការឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ខ្លះ រហូតដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មាន​មន្ទីរ​រៀបចំ​ដែនដី និង​មន្ត្រី​ខ្លះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាដើម ជា​ថ្នូរ​ទទួលបាន​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​

​ចំណែក មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់​លី បង្ហាញ​មន្ទឹល​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​រ៉ាំរ៉ៃ នៅតាម​សហគមន៍​មួយចំនួន​នា​មូលដ្ឋាន​នេះ​កន្លងមក ទំនងជា​អាច​ផ្ដើមចេញ​ពី​ការឃុបឃិត​ចែក​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក រវាង​មន្ត្រី ឬ​បុគ្គល​ខ្លះ បំរើ​ការងារ​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ ក្នុងនោះ លោក វ៉ាន់​លី ក៏​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​ថា មិន​ឯករាជ្យ ជា​ពិសេស​រាល់​ការកាត់ក្ដី​ទៅលើ​សំណុំរឿង​ដីធ្លី ភាគច្រើន គឺ​មិន​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​កើតមាន​ទំនាស់​ជាក់ស្ដែង​នោះទេ​។​

យ៉ាងនេះក្តី នៅក្នុង​លិខិត​ដាក់ជូន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោកស្រី ឡុច ទូច បានឲ្យដឹងថា ប្រជាពលរដ្ឋ នៅ​សហគមន៍​អូរ​ខ្សាច់​ភាគច្រើន បាន​មក​កាន់កាប់​ដីធ្លី នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​នេះ ចាប់តាំងពី​ឆ្នាំ​១៩៨៩ ឬ​ឆ្នាំ​១៩៩០ ដោយ​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ​ជាក់ស្តែង​ថែម​ទៀត​។ ប៉ុន្តែ​ជា​បន្តបន្ទាប់​មក បែរជា​ត្រូវ ឈ្មោះ កើត រី គឹម ចាន់នី ប៉ុន សារឿ​ន វង្ស សោភា និង​ឈ្មោះ សុខ ងួន​ជាដើម បាន​ឃុបឃិត​គ្នា​ក្លែង​ស្នាម​មេដៃ​ឈ្មោះ ឡុញ តា​យ ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី ហើយ​បាន​លួច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ដែល​ឈ្មោះ ឡុញ តា​យ បាន​ស្លាប់​តាំងពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៩៤​។ ប៉ុន្តែ​បែរជា​កាលបរិច្ឆេទ​ចុះ​ថ្ងៃ​ខែ​ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី​ទំនាស់​នេះ បាន​កើតឡើង​ក្រោយ​ពេល​ឈ្មោះ ឡុញ តា​យ បាន​ចែក​ឋាន​ទៅវិញ​។​

​ករណីនេះ លោកស្រី ឡុច ទូច បាន​រៀបរាប់​ថា ពលរដ្ឋ​ពួកគាត់​ក៏​ធ្លាប់​ដាក់ពាក្យ​ប្ដឹង​ភាគី​ទំនាស់​ទៅ​កាន់​តុលាការ​អស់​រយៈពេល​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ​។ លោកស្រី​បន្ត​ថា នៅ​គ្រា​វិវាទ​ដីធ្លី​នេះ​មិនទាន់​បាន​ដំណោះស្រាយ​ផង ស្រាប់តែ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ បែរជា​មាន​ឈ្មោះ ហេង សុខា បាន​នាំ​មនុស្ស​មួយ​ក្រុម​ទៅ​រុះរើ​ផ្ទះ​សមាជិក​សហគមន៍ ដែល​សង់​លើ​ទីតាំង​ដី ២៧​ហិកតារ របស់​ពួកគាត់​ថែម​ទៀត​។​

​យ៉ាងណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ធ្លាប់​មានប្រសាសន៍ថា នឹង​អញ្ជើញ​ភាគី​វិវាទ​ពាក់ព័ន្ធ​ខាង​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់ និង​ភាគី​ទំនាស់ លោក ប៉ុន សារឿ​ន និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃទៀត មក​ជួប​ពិភាក្សា​គ្នា​មុននឹង​ឈាន​ទៅ​សម្របសម្រួល​ឲ្យស្រប​តាម​សំណើ​របស់​ប្រធានរដ្ឋសភា ដែល​បាន​ដាក់​ផ្ទាល់​មក​រូប​លោក​ឲ្យជួយ​ពិនិត្យ​អន្តរាគមន៍​។​

​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង​ភាគី លោក ប៉ុន សារឿ​ន ដើម្បី​បំភ្លឺ​លើ​វិវាទ​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់​នេះ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ព្រហស្បតតិ៍ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​។ ប៉ុន្តែ​ទំនាស់​នេះ បើ​យោង​តាម​ឯកសារ​ច្បាប់​មួយចំនួន​បង្ហាញ​ថា ភាគី​លោក ប៉ុន សារឿ​ន បាន​ឈ្នះក្ដី​ជា​បន្តបន្ទាប់​ទៅ​លើ​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​នៅ​សហគមន៍​អូរ​ខ្សាច់ ដែល​កាលណោះ​មាន​ពលរដ្ឋ​ចំនួន ៣២​គ្រួសារ ស្ថិតក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ គឺ​ចាប់ពី​សាលាដំបូង​ខេត្ត​ព្រះសីហនុ រហូត​ទៅ​។ ទំនាស់​នេះ លោក ប៉ុន សារឿ​ន ក៏​ធ្លាប់​ដាក់ពាក្យ​ប្ដឹង​តំណាង​ពលរដ្ឋ​ចំនួន ៤​នាក់ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ពី​បទ​ប្រើ​អំពើហិង្សា​ដោយ​ទុច្ចរិត​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ ប្រព្រឹត្ត​នៅ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០០៨​។

​តំណាង​ពលរដ្ឋ​ទាំង ៤​នាក់ ដែល​លោក ប៉ុន សារឿ​ន ប្ដឹង​មាន ឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង កៅ ហួរ​។ ពួកគាត់​ភាគច្រើន​ជា​ស្ត្រី​មេម៉ាយ មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំកាយ​ថែម​ទៀត គិត​មកដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

ទោះជា​យ៉ាងណា តំណាង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ លោកស្រី ឡុច ទូច បាន​ចោទ​ភាគី លោក ប៉ុន សារឿ​ន អតីត​ចៅសង្កាត់​រង​សង្កាត់​លេខ​១ ហើយ​ក្រោយមក​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថា​ពិតជា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ទៅលើ​ដី​លំនៅឋាន និង​ដីចម្ការ​ដំណាំ​កសិកម្ម ទាំង​ពួកគាត់​មិន​បាន​ដឹង​ខ្លួន​ពិតប្រាកដ​មែន​៕ ដោយ​៖ ដែន សីមា

 

×