Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​កម្ពុជា​ជាង​៦៥​ភាគរយ កំពុង​រួមចំណែក​ក្នុង​វិស័យ​កសិកម្ម​

​វិស័យ​កសិកម្ម​មាន​សារសំខាន់​ក្នុងចំណោម​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត ដោយ​បាន​ចូលរួមចំណែក​ប្រមាណ​៣០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ប្រជាជន​ជាង​៦៥​ភាគរយ​បាន​ចូលរួមចំណែក និង​បម្រើឪ្យ​វិស័យនេះ​។​

​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា (the NGO Forum on Cambodia) រួមសហការ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ បណ្តាញ​អភិវឌ្ឍន៍​សន្តិសុខ និង​សុវត្ថិភាព​ស្បៀង​នៅ​កម្ពុជា សហគម​កសិក​កម្ម​និង​កសិករ​មកពី​គណៈកម្មាធិការ​រៀបចំ​វេទិកា កាលពី​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០១៧ រៀបចំ វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី ៧ លើកកម្ពស់​ភាពជា​ដៃគូ​ពហុភាគី ដើម្បី​អោយ​កសិករ​ទទួល​បាន ទឹក ទុន និង​ទីផ្សារ ក្នុង​ក​សិ​ធុរកិច្ច ដែល​មាន​អ្នកចូលរួម​ប្រមាណ ២៧០​នាក់ សាល​មហោស្រព​ចេនឡា ក្រុងភ្នំពេញ​។​

​ក្នុងនោះដែរ​ស្តង់​ពិព័រណ៍​នៅ​សាល​ម​ហោ​ស្រោប​ចេនឡា រាជធានី​ភ្នំពេញ ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៧ ដែល​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤-១៥ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​លោក​តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បាន​ថ្លែងថា​
​វេទិកា​នេះ​ជា​យន្តការ​មួយ​ជម្រុញ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិស័យ​ក​សិ​ធុរកិច្ច ដើម្បី​ឲ្យ​ពហុភាគី​ពាក់ព័ន្ធ​ធ្វើការ​រួមគ្នា​ក្នុង​ការធ្វើ​បច្ចុប្បន្ន​កម្ម​វឌ្ឍនភាព​នៃ​វេទិកា​កសិករ​លើក​មុន និង​ដើម្បី​កសាង​ក្របខ័ណ្ឌ​ភាព​ជា​ដៃគូ​សម្រាប់​វេទិកា​កសិករ​ថ្នាក់ជាតិ​។ ក្រៅពី​នេះ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ដើម្បី​គាំទ្រ​កសិករ ជា​ពិសេស​ស្ត្រី ដើម្បី​ឲ្យ​ពួកគេ​មាន​កាលានុវត្តភាព​កាន់តែ​ច្រើនឡើង​ក្នុង​ការទទួល​បាន​ទឹក ទុន និង ទីផ្សារ​។ លើសពីនេះ​ទៀត ពង្រឹង​កិច្ច​សហការ​និង​ភាព​ជា​ដៃគូ រវាង​កសិករ អង្គការ​សង្គម​ស៊ីវិល ផ្នែក​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង ស្ថាប័ន​រាជរដ្ឋាភិបាល​។​

ថ្លែង​ក្នុង​វេទិកា​កសិករ​ថ្នាកជាតិ​លើក​ទី​៧ នេះ តឹក វណ្ណា​រ៉ា មានប្រសាសន៍ថា “​វិស័យ​កសិកម្ម​គឺ​ជា​វិស័យ​ដ៏​មាន​សារសំខាន់​ក្នុងចំណោម​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ដោយ​វិស័យនេះ​ចូលរួម​ចំណែក​ប្រមាណ​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ប្រជាជន​ជាង​៦៥​ភាគរយ​បាន​ចូលរួមចំណែក និង​បម្រើឪ្យ​វិស័យនេះ​។ អ្វី​ដែល​គួរឲ្យកត់សម្គាល់ “​ផ្នែក​ឯកជន​គឺជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ជាមួយគ្នា​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​ទទួលស្គាល់ថា ការកែលម្អ​បរិយាកាស​ធុរកិច្ច និង​ការអភិវឌ្ឍ​ផ្នែក​ឯកជន គឺជា​ល័ក្ខខ័ណ្ឌ​ចាំបាច់​សម្រាប់​ជម្រុញ​កំណើន បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ និង​សម្រេច​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​។ សម្រាប់​ស្ថានភាព​បច្ចុប្បន្ន និង​ទៅ​អនាគត ក​សិ​ធុរកិច្ច ដែល​មានន័យថា ធុរកិច្ច​ខ្នាត​ធំ​ដែល​បម្រើឱ្យ​វិស័យ​កសិកម្ម រួមបញ្ចូល​ទាំង​ផលិតកម្ម ការកែច្នៃ ការ​វេច​ខ្ចប់ ការ​ចែកចាយ​ផលិតផល​កសិកម្ម ការផលិត​គ្រឿងយន្ត​កសិកម្ម ឧបករណ៍ គ្រឿង​បរិក្ខារ សម្ភារៈ​ផ្គត់ផ្គង់ និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ដើរ​តួនាទី​កាន់ តែ​សំខាន់​សម្រាប់​វិស័យ​កសិកម្ម ហើយ​ការងារ​នេះ​ក៏​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកកម្ពស់​ផលិតផល​កសិកម្ម​ដែល​ផលិត​ចេញពី​កសិករ​ខ្នាតតូច​ផងដែរ និង​ធ្វើឪ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរ​ឡើង​៕ ដោយ ៖ កូឡាប​

×