ខេត្តត្បូងឃ្មុំ ៖ នគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរ ករណីលួចម៉ូតូ ១ គ្រឿង យកទៅលក់ក្នុងតម្លៃ ១៨ ម៉ឺនទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ដើម្បីកាត់ទោសផ្តន្ទាទោសដាក់ពន្ធនាគារតាមនីវិធី ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ វត្ថុតាងដែលដកហូតបាន និងចម្លើយសារភាពរបស់ ជន សង្ស័យ ។
អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៨ និង ៣០ នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរំចេក បានទទួលពាក្យបណ្តឹងពីឈ្មោះ លាន ឆេងលន់ ហៅប៉ាត់ ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិភូមិឃ្លៀច ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដាក់ប្តឹងថាបាត់ម៉ូតូ ១ គ្រឿង ម៉ាក់ វេវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ នៅចំណុចមាត់កំពុងព្រែកឆ្លូង ស្ថិក្នុងភូមិកន្ទួត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈពេលខ្លួនចុះទៅលើកម៉ងក្នុងទឹកព្រែកនោះដោយទុកម៉ូតូចោល កាលពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។
ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរំចេក សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ១៤ និង ៣០ នាទី នាថ្ងៃខែឆ្នាំដដែល បានកំណត់មុខសញ្ញាចំនួន ២ នាក់ ៖ ១.ឈ្មោះ ផាត់ ភារ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ ២.ឈ្មោះ ខុន ហុង ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ អ្នកទាំងពីរមានលំនៅភូមិកន្ទួត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ រត់ទៅសង្ងំលាក់ខ្លួននៅភូមិត្រពាំងឬស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីកំណត់មុខសញ្ញាបានកម្លាំងប៉ុស្តិ៍រំចេក និងកម្លាំងនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរូង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនៅចំណុចភូមិត្រពាំងឬស្សី ឃុំរូង បានរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរចម្លើយ ។ យោងតាមការសាកសួរចម្លើយជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចយកម៉ូតូពីចំណុចខាងលើ រួចយកទៅលក់ឲ្យឈ្មោះ ម៉ៅ រ៉ាន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងតម្លៃព្រមព្រៀងគ្នា ១៨០.០០០រៀល ។
បច្ចុប្បន្ននគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរ ទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ដើម្បីកាត់ទោសផ្តន្ទាទោសដាក់ពន្ធនាគារតាមនីវិធី ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ វត្ថុតាងដែលដកហូតបាន និងចម្លើយសារភាពរបស់ជនសង្ស័យ ។
សូមបញ្ជាក់ជូនថា ម៉ូតូ ១ គ្រឿង ដែលដកហូតពីជនសង្ស័យនោះ សមត្ថកិច្ចបានធ្វើលិខិតប្រគល់-ទទួលយកទៅប្រើប្រាស់វិញ ៕ ដោយ ៖ កូឡាប