កណ្តាល ៖ នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ករណី អំពើហិង្សាក្នុងគ្រួសារ ដោយសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ប្រព្រឹត្តអំពើហិង្សាលើប្រពន្ធ បណ្តាលឲ្យរបួសក្បាលនិងមុខ។
កើតហេតុថ្ងៃពុធ ទី ៦.២.២០១៩ ម៉ោង ១៧និង៣០នាទី ចំណុចភូមិចុងកោះ ឃុំកោះឧកញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ១នាក់ ឈ្មោះ ផល សុខេង ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅភោជនីយដ្ឋាន មានទីលំនៅភូមិឃុំកើតហេតុ (របួសពកក្បាល ជាំថ្ពាល់ខាងស្តាំ និងជាំភ្នែកខាងស្តាំ) ជាប្រពន្ធ។
ជនសង្ស័យចំនួន ១នាក់ ឈ្មោះ ជៀម គឹមជា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន) ជាប្តី វត្ថុតាងចាប់យក ៖ កាំបិតខ្វែវចំនួន ១។
កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាលើប្រពន្ធជាច្រើនលើកមកហើយ និងធ្លាប់ធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍ចំនួន ០១ លើក។
នៅថ្ងៃទី៦.២.២០១៩ វេលាម៉ោង ១៧និង៣០ នាទី ជនរងគ្រោះជាប្រពន្ធត្រឡប់មកពីធ្វើការនៅភោជនីយដ្ឋានចំការស្នេហ៍មកដល់ផ្ទះវិញ ពេលនោះជនសង្ស័យជាប្តីបានស្តីបន្ទោសថា ង៉ែងទៅធ្វើការនៅចំការស្នេហ៍សំខាន់ជាងកូនឬ? ជនរងគ្រោះឆ្លើយថា គ្មានអ្វីពាក់ពន្ធ័ជាមួយអ្នកឯងទេ ភ្លាមនោះជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះចំនួន ២ ដៃ ត្រូវចំមុខបណ្តាលឲ្យមានរបួសហើមជាំ រួចជនសង្ស័យបានធាក់ជនរងគ្រោះចំនួន ២ ជើង ត្រូវចំពោះ បន្ទាប់មកជនសង្ស័យបានស្ទុះទៅយកកាំបិតខ្វែវវាយក្បាលជនរងគ្រោះចំនួន ១ ខ្នងកាំបិតខ្វែវ បណ្តាលឲ្យមានរបួសហើមពក ១ កន្លែង ភ្លាមនោះជនរងគ្រោះបានរត់ឡើងជិះម៉ូតូគេច មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញាតី កម្លាំងនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ