ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសសហការគ្នាតាមចាប់ឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ ដែលម្ចាស់ចតទុកក្បែរស្រែមិនប្រយ័ត្នខណៈដែលខ្លួចចុះទៅមើលស្រូវក្នុងស្រែ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យករណីចោរកម្មនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីជនរងគ្រោះរត់មកដាក់ពាក្យបណ្តឹងឲ្យប៉ូលីសជួយអន្តរាគមន៍ក្រោយពេលដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចកាច់សោ ក យកទៅបាត់។ ដែលការចាប់ខ្លួននេះគឺនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង៥៥នាទី នៅចំណុចលើខ្នងព្រែកក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួចនិងចាប់ខ្លួនបាននេះមានគ្នា២នាក់ដែលមានឈ្មោះ ៖ ទី១ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតនៅភូមិគៀនកោះ១ ឃុំសៃត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅម្តុំក្បាលថ្លល់ រាជធានីភ្នំពេញ។ ទី២ឈ្មោះ នៅ បូរិន ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅជាមួយប្រពន្ធនៅភូមិក្រាំងស្តៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។ ជនសង្ស័យបានលួចកាច់សោ ក ម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពាក់ស្លាក់លេខ ភ្នំពេញ1BZ 3916 ជាកម្មសិទ្ធិរបស់ឈ្មោះ ឆយ ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ក្រោយធ្វើសកម្មភាពមិនបានប៉ុន្មានម៉ោងផងជនសង្ស័យទាំង២នាក់ត្រូវប៉ូលិសហសការគ្នាចាប់បានជាមួយវត្ថុតាងនិងម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HK 8649។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ដែលប៉ូលិសចាប់ខ្លួនបានខាងលើនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ចំណែកម៉ូតូដែលលួចយកទៅនោះត្រូវបានប្រគាល់ជូនម្ចាស់ដើមវិញហើយ៕ ដោយ ៖ តាកែវ