ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ដំបូង ស្តីពីការចុះស្រង់ស្ថិតិ ជនបរទេស ក្រុងខេត្តព្រះសីហនុ របស់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។
បើតាមលោក យន្ត មីន អភិបាលខេត្តមានប្រសាសន៍ថា វត្តមានជនបរទេសចម្រុះជាតិសាសន៍ នៅក្នុងខេត្តព្រះសីហនុ កើនឡើងច្រើន នាពេលបច្ចុប្បន្ននេះ ពិសេសជនជាតិចិន។ ដោយសារតែខេត្តព្រះសីហនុ កំពុងតែមានសន្ទុះ នៃការអភិវឌ្ឍន៍ តាមរយៈនៃគម្រោងវិនិយោគជាច្រើនគម្រោង ហើយតាមរយៈនៃគម្រោងវិនិយោគទាំងអស់នេះ មានសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានកើតឡើង ដូចជា សំណង់អគារពាណិជ្ជកម្មកម្ពស់ខ្ពស់ៗជាដើម ដែលពីមុនមិនធ្លាប់មានទេ។ ចំពោះកំណើនវត្តមានជនបរទេសចម្រុះជាតិសាសន៍ នៅខេត្តព្រះសីហនុ គឺមាន៣ប្រភេទ ទី១ ជនបរទេស ដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ ទី២ ជនបរទេស ដែលជាពលករ ឬកម្មករ ដែលចូលមកធ្វើការងារ តាមក្រុមហ៊ុន និងការដ្ឋានសំណង់មួយចំនួន និងទី៣ ជាអ្នកទេសចរណ៍ចល័ត។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ សហការ ជាមួយរដ្ឋបាលខេត្ត ធ្វើកិច្ចការដោយផ្អែកលើផ្លូវច្បាប់ មិនគិតជាតិសាសន៍ ក្នុងនោះជនបរទេសរូបណា ដែលចូលមក និងបំពេញការងារ ស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរត្រូវគាំទ្រ និងការពារ ប៉ុន្តែជនបរទេសរូបណា ដែលល្មើសច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវតែចាត់វិធានការណ៍ តាមនីតិវិធីច្បាប់ ដោយមិនលើកលែងឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ