ខេត្តស្វាយរៀង ៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ព្រំ វន្ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូន លោក យន់ រស្មី អនុប្រធានមន្ទីរ តំណាងលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ហែម សារិទ្ធិ អភិបាលរងស្រុកស្វាយជ្រំ លោក លោកស្រី មន្ត្រីរាជការ បានសហការ ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវ ឱ្យមានការប្រុងប្រយ័ត្ន ។
នាឱកាសនោះ ក្រុមការងារមានការចែកជូននូវឯកសារ ស្តីពីសុវត្ថិភាពចរាចរណ៍ និងការរៀបចំជាកម្មវិធី សួរ ឆ្លើយសំណួរ ពាក់ព័ន្ធអ្នកបើកបរទោចក្រយានយន្ដត្រូវយល់ដឹង ។
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារៈ មួយចំនួនដូចជា៖
ទី១.មួកសុវត្ថិភាព ១០០មួក (មួកសម្រាប់មនុស្សធំ ចំនួន ៤០មួក មួកកុមារ ចំនួន ៦០មួក) ។
ទី២.សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល ។
ទី៣.ស្ទីកឃ័រចំណាំងផ្លាតសុវត្ថិភាព ៤០០សន្លឹក ។
ទី៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ២០០ក្បាល ។
ទី៥.ខិតបណ្ណជំនួយស្មារតី ស្តីពីសុវត្ថិភាពចរាចរណ៍ ២០០សន្លឹក ។
ទី៦.ផ្លិត ស្ដីពីវិធានការណ៍សុវត្ថិភាពចរាចរណ៍ ១០០ ផ្លិត ៕ ដោយ ៖ វ៉ៃកូ