ក្រោយបុគ្គល យិន ហេង ហៅ «ចំប៉ីខ្មៅ» ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរ ក្រោមបទចោទប្រកាន់ «ញុះញង់ឲ្យមានការរើសអើង» អាចមានទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ស្រាប់តែ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានបង្ហោះនៅសារមួយនៅ ក្នុងបណ្តាញសង្គមរបស់ខ្លួនថា៖
“សូម្បីតែឈ្លើយសឹកសង្គ្រាមក៏សិទ្ធិរបស់គេត្រូវបានការពារដោយអនុសញ្ញាក្រុងហ្សឺណែវ និងពិធីសារបន្ថែមឆ្នាំ១៩៧៧ ល្អជាងជនត្រូវចោទម្នាក់នេះដែរ។ ទង្វើរបស់មន្ត្រីមានសមត្ថកិច្ច ដូចខាងក្រោមនេះគឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរទៅលើជនសង្ស័យ និងជនត្រូវចោទ ដែលចាត់ទុកថាមិនទាន់មានទោសនៅឡើយ។
កង្វះវិជ្ជាជីវៈរបស់មន្ត្រីសមត្ថកិច្ច និងអ្នកសារព័ត៌មានមួយចំនួនជាសញ្ញានមួយគួរឲ្យព្រួយបារម្ភ បន្ថែមលើកង្វះសីលធម៌ និងការញុះញង់ឲ្យប្រើអំពើហឹង្សាក្នុងសង្គមកម្ពុជា ដែលកំពុងខ្វះខាតស្រាប់នាពេលបច្ចុប្បន្ន ធ្វើឲ្យសង្គមមួយនេះកាន់តែដើរថយក្រោយ ចាកឆ្ងាយពីភាពស៊ីវិល័យសក្តិសមនឹងដំណើរការវិវឌ្ឍជាសកល។
ខ្ញុំមានការខកចិត្តខ្លាំង ដែលជនរួមជាតិខ្ញុំបច្ចុប្បន្នពូកែបានតែជាមួយមនុស្សទន់ខ្សោយ ព្រួតគ្នាចំអកឡកឡឺយដោយគ្មានចិត្តមេត្តា អត់អោន ឬរួមគ្នាអប់រំដោយមនុស្សធម៌។
សូមបុណ្យបារមីវត្ថុសក្តិសិទ្ធ ដួងព្រះវិញ្ញណក្ខន្ទព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ មេត្តាជួយស្រោចស្រង់ព្រលឹងខ្មែរដ៏ល្អផូរផង់របស់យើងឲ្យត្រលប់មកសណ្ឋិតក្នុងស្មារតីកូនខ្មែរគ្រប់រូប ឲ្យសាងតែអំពើល្អ និងចេះស្រលាញ់ យកអាសារគ្នា ការពារគ្នា គោរពគ្នាខ្លះផង”៕ រក្សា