ខេត្តព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដើម្បីបង្កបរិយាកាសរីករាយ ជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុ រដ្ឋបាលខេត្តនេះ បានសហការជាមួយវិស័យឯកជន បានរៀបចំតាំងពិពរណ៍ពាណិជ្ជកម្ម ឬស្តង់លក់ទំនិញ អមដោយការប្រគុំតន្ត្រីរយៈពេល ៥ថ្ងៃ នាឆ្នេរឯករាជ្យ។
ពិធីនេះចាប់ផ្តើមនៅល្ងាចថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ ដោយមានតារាចម្រៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមសម្តែងចែកជូនភ្ញៀវទស្សនា រហូតដល់កណ្តាលអាធ្រាត្រ។
បញ្ហានេះដែរ តំណាងវិសយ័ឯកជនដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ និងការប្រគុំតន្ត្រីកម្សាន្តនេះ ក៏បានឲ្យដឹងដែរថា ការរៀបចំកម្មវិធីខាងលើនេះ ក៏ដើម្បីចូលរួមអប់រំផ្សព្វផ្សាយអំពីបរិស្ថាន និងវិស័យទេសចរណ៍។
នាឱកាសនោះនោះដែរ តារាចម្រៀងល្បីៗ ដែលចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រីខាងលើនេះ ក៏នឹងផ្សព្វផ្សាយផងដែរ អំពីនិយមន័យ នៃទិវាក្តីស្រឡាញ់ថ្ងៃទី១៤ ខែកុម្ភៈ សម្រាប់យុវជន យុវនារី ឲ្យចូលរួមគោរពស្រឡាញ់ ឪពុកម្តាយ ញាតិមិត្ត និងស្រឡាញ់ប្រទេសជាតិ។
ចំណែកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សកម្មភាពទាំងអស់ ដែលកើតឡើងនាមូលដ្ឋានខេត្តព្រះសីហនុ គឺបានបង្ហាញឲ្យឃើញពីកំណើនកើនឡើង នូវចរន្តសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ក៏ដូចជាមុខរបរតាមបណ្តាក្រុមហ៊ុននានា ក្នុងពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព។
លោកអភិបាលខេត្តបញ្ជាក់ថា ព្រឹត្តិការណ៍ តាំងពិព័រណ៍ និងការប្រគុំតន្ត្រីសម័យនេះ វាមិនមែនជាលើកទី១ទេ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសហការជាមួយវិស័យឯកជន និងផ្នែកពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍កម្សាន្តដូចគ្នានេះ។ ហើយថា ការចូលរួមសហការល្អ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន គឺបានចូលរួមចំណែកដ៏សំខាន់បំផុត សម្រាប់ដំណើរការអភិវឌ្ឍន៍មូលដ្ឋានខេត្តព្រះសីហនុ និងសង្គមជាតិទាំងមូល៕ ដោយ៖ ដែន សីមា