ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃស្ថានទូត ឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួប លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីជួបពិភាក្សាគ្នាអំពីសក្តានុពលវិនិយោគ លើវិស័យទេសចរខេត្តព្រះសីហនុ និងស្នើរសុំការចូលចតនាវាកងទ័ពជើងទឹឹក នៅកំពង់ផែខេត្តព្រះសីហនុ ។
នាឱកាសនោះ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា បានជម្រាបជូនអភិបាលខេត្តព្រះសីហនុថា នៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខ នាវាកងទ័ពជើងទឹកឥណ្ឌា នឹងមានគម្រោងចូលចតធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ពិសេសចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ឲ្យកាន់តែសិ្នទស្នាលថែមមួយកំរិតទៀត។ លោកស្រីបន្តថា កាលពីឆ្នាំ២០១៧កន្លងទៅ នាវាកងទ័ពជើងទឹកឥណ្ឌា ១គ្រឿង បានចូលចតធ្វើទស្សនកិច្ច នៅកម្ពុជាប្រកបដោយសុវត្ថិភាព។
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរគណ:ប្រតិភូ ពិសេសសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅធ្វើទស្សនកិច្ ចនៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា IT វិស័យការពារជាតិ (កងកម្លាំងរក្សាសន្តិសុខ អង្គការសហប្រជាជាតិ) ឥណ្ឌា និងកម្ពុជាមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអាស៊ាន លើគម្រោងអភិ វឌ្ឍមេគង់ វិស័យអប់រំ បណ្តុះបណ្តាលធនធាន មនុស្ស។
លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌ ក៏បានឲ្យដឹងដែរថា ក្នុងមួយឆ្នាំ រដ្ឋាភិបាលឥណ្ឌា បានជួយបណ្តុះបណ្តាលធនធានមនុស្សចំនួន ១៥០នាក់ ហើយឆ្នាំ២០១៩នេះ បានបន្ថែម២៩នាក់ទៀត ក្នុងនោះ ក៏មានវិស័យការពារជាតិ បណ្តុះបណ្តាលធន ធានមនុស្សផ្នែកកងទ័ពជើងទឹក លើបច្ចេកទេសដោះមីន និងយុទ្ធភណ័មិន ទាន់ផ្ទុះជាដើម។ លោកបន្តថា ឆ្នាំ២០១៨ កន្លងទៅ រដ្ឋមន្តីក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេសឥណ្ឌា បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងមានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើន ត្រូវបានចុះហត្ថលេខា។ ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ លោកស្រីទូតឥណ្ឌា ក៏មានគម្រោងទស្សនាកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀតក្នុងខេត្ត ។
នាឱកកាសនោះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងស្វាគមន៍លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ដែលស្នើរសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅចុងខែមីនា ឆ្នាំ២០១៩ខាងមុខ។ លោកអភិបាលបន្តថា កន្លងមកនេះ រូបលោកក៏ធ្លាប់បានចូលរួមអបអរសាទរ នៃការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែក្រុងព្រះសីហនុ ២លើក រួចមកហើយដែរ។ លោក យន្ត មីន បន្តថា ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌា គឺជាបងប្អូនគ្នា ដូចនៅក្នុងរឿង (នគរគោកធ្លក) បាននិទានអញ្ចឹងដែរ។
លោក យន្ត មីន បន្តថា ដោយសារកម្ពុជាមានសង្គ្រាមផ្ទៃក្នុង ប្រទេសឥណ្ឌា បានចូលរួមក្នុងការសម្របសម្រួលជាអន្តរជាតិ ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព សេរីភាព ពេញបរិបូណ៍ លើផ្ទៃប្រទេស ហើយប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការអភិវឌ្ឍយ៉ាងគំហុក នៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១៨ ដោយមានសំណង់ អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ និងផ្ទះសំណាក់ធំៗប្រមាណជា ២០០ អគារ បានកើតឡើង និងកំពុងស្ថាបនាឡើងជាបន្តបន្ទាប់ ។
លោកបន្តថា ប្រទេសឥណ្ឌា មានធនធានមនុស្សខាងបច្ចេក វិទ្យា IT វិទ្យា សាស្ត្រ (វិស័យសុខាភិបាល) ឥណ្ឌា បានជួយបណ្តុះបណ្តាលវិស័យយោធា ផ្នែក ដោះមីន យុទ្ធភ័ណមិនទាន់ផ្ទុះ ជាពិសេសទៀតជួយជួសជុសប្រាសាទអង្គវត្ត នៅខេត្តសៀមរាបជាដើម។
លោកអភិបាលខេត្តព្រះសីហនុបន្តថា ខេត្តព្រះសីហនុ គឺជាតារារះ នាទិសនារតី នៃព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែលោកមានការសោកស្តាយ ដោយមិនមានក្រុមហ៊ុនវិនិយោគឥណ្ឌា មកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុ ខណ:ដែលក្រុមហ៊ុនជាច្រើន បានមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ក្នុងចំណោមក្រុមហ៊ុនបរទេសមកពី ១៧ប្រទេស ភាគច្រើន គឺជាក្រុមហ៊ុនចិន ។
នាឱកាសនោះដែរ លោក យន្ត មីន បានសំណូមពរដល់លោកស្រី អគ្គរដ្ឋទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ មានកោះ ឆ្នេរសមុទ្រ តំបន់កសិកម្ម ឧស្សាសហកម្ម និងទេសចរណ៍ ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគគិនឥណ្ឌា មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ អាជ្ញាធរនិងជួយសម្រួល អនុគ្រោះបង្កឱកាសគ្រប់បែបយ៉ាងដល់អ្នកទេសចរ និងវិនិយោគឥណ្ឌា។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ មានអ្នកទេសចរឥណ្ឌា ចូលមកកម្សាន្តខេត្តព្រះសីហនុ មានចំនួន ១.០២៥នាក់។ ឆ្នាំ២០១៨ មានចំនួន ២.៥៧៨នាក់ ហើយឆ្នាំ ២០១៩ នេះ ទំនងជានឹងមានការកើនឡើងថែមទៀត៕ ដោយ ៖ ដែនសីមា