ភ្នំពេញ ៖ តំណាងជនជាតិភាគតិចព្នង ជាង១០០នាក់ បានធ្វើសន្និសីទកាសែត នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអគារ Meta House ទល់មុខមជ្ឈមណ្ឌលភ្នំពេញ ផ្លូវលេខ៣៧ មហាវិថីសម្តេចសុធារស នៅទីក្រុងភ្នំពេញ ដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ដែលស្ថានទូតបារាំងបដិសេធ មិនឲ្យទិដ្ឋាការដល់តំណាងសហគមន៍ជនជាតិដើមភាគតិច។
លោកយុន ឡូរ៉ង់ តំណាងសហគមន៍ជនជាតិដើមភាគតិច បានថ្លែងថា តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៩នាក់ ត្រូវទៅចូលរួមសវនាការបឋម នៅម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលសវនាការ ណាន់ទែរ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមលិខិតអញ្ជើញជាផ្លូវការពីចៅក្រម។ លោកបានបន្តថា សន្និសីទកាសែតនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់ សាធារណជនបានដឹង បានឮពីទុក្ខលំបាក និងភាពអយុត្តិធម៌ ដែលក្រុមហ៊ុន BOLLORÉ Groupe នៅប្រទេសបារាំង តាមរយៈ ក្រុមហ៊ុន Socfin-KCD បានរំលោភបំពានសិទ្ធិលើដីធ្លី បាត់បង់ប្រពៃណីទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចព្នងក្នុងឃុំប៊ូស្រា ។
ដើម្បីទាមទាររកយុត្តិធម៌ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបដិសេធមិនឲ្យទិដ្ឋាកាដល់តំណាងសហគមន៍ជនជាតិដើមភាគតិចទៅចូលរួមសវនាការ និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្តកិច្ចការសហការល្អ និងផ្តល់ភាពយុត្តិធម៌។
លោកគ្រើង តុលា តំណាងសហគមន៍ឃុំប៊ូស្រា បានអានសេចក្តីថ្លែងការណ៍អំពីការទាមទារសិទ្ធិ និងស្វែងរកយុត្តិតាមផ្លូវច្បាប់ ដែលសហគមន៍ ត្រូវបានស្ថានទូតបារាំងនៅកម្ពុជចា បានបដិសេធមិនបាន ផ្តល់ទិដ្ឋាកា ឲ្យតំណាងសហគមន៍ទៅចូលរួមសវនាការនៅតុលាការប្រទេសបារាំង។ លោកបានថ្លែងថា សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នងបានធ្វើការតវ៉ា និងទាមទារឲ្យមាន ដំណោះស្រាយលើកន្លែងប៉ះពាល់ សិទ្ធិទំនៀមទម្លាប់និងប្រពៃណីរបស់យើងខ្ញុំ មុខរបរប្រពៃណីដែលសហគមន៍របស់យើង បាននិងកំពុងប្រតិបត្តិការនិងដូចដែលបានទទួលស្គាល់ដោយសហគមន៍របស់យើងខ្ញុំ ច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ ។ សមាជិកយើងខ្ឡះនៅកំពុងតែប្រឈមមុខនឹងបណ្តឹងព្រហ្មទណ្ឌនៅតុលាការនៅឡើយ។ សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន ១១៤នាក់ បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ទាមទារសំណងលើកការខូចខាត និងជំងឺចិត្ត ពីក្រុមហ៊ុន BOLLORÉ Groupe នៅប្រទេសបារាំង ដោយសារតែក្រុមហ៊ុននេះ បានបង្កឲ្យជនជាតិភាគតិច បាត់បង់សិទ្ធិលើដីធ្លី បាត់បង់ប្រពៃណី ទំនៀមទម្លាប់ ចាប់តាំងពីក្រុមហ៊ុន Socfin-KCD មកដល់ភូមិដ្ឋានរបស់ជនជាតិដើមភាគតិចព្នង ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី។
តំណាងជនជាតិដើមភាគតិច បានបន្តថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ តំណាងសហគមន៍ជនជាតិភាគតិចព្នង ៩នាក់ បានទៅធ្វើការសម្ភាសន៍នៅស្ថានទូតបារាំង នៅរាជធានីភ្នំពេញ។ បន្ទាប់ពីបានសម្ភាសន៍ តំណាងជនជាតិដើមភាគតិចទាំងនោះ បានទទួលការណែនាំពីមន្ត្រីស្ថានទូតបារាំង ឲ្យបំពេញឯកសារពីរទៀត គឺទីមួយ-ការធានារ៉ាប់រងសុខភាព និងឯកសារទី២ គឺលិខិតធានាផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្នាក់នៅក្នុងទីក្រុងប៉ារីស។ ក៏ប៉ុន្តែតំណាងសហគមន៍ជនជាតិដើមតិច បានអះអាងថា ទោះបីជាពួកគាត់បានបំពេញគ្រប់គ្រាន់ តាមការណែនាំរបស់មន្ត្រីស្ថានទូតបារាំងក៏ដោយ ក៏ស្ថានទូតបារាំង បានបដិសេធមិនឲ្យទិដ្ឋាការដល់ពួកគាត់ ដើម្បីទៅចូលរួមសវនាការនៅទីក្រុងប៉ារីស ប្រទេសបារាំងឡើយ។
ជុំវិញការលើកឡើង របស់តំណាងសហគមន៍ជនជាតិដើមភាគតិចខាងលើនេះ មិនសុំបំភ្លឺពីស្ថានទូតបារាំងប្រចាំកម្ពុជា បាននោះទេ៕ ដោយ ៖ កូឡាប