ភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជា មានយុវវ័យជាច្រើន កំពុងតែភ្លើតភ្លើន យល់ច្រឡំនឹងបុណ្យវប្បធម៌បែបបច្ចឹមប្រទេសទិវាបុណ្យនៃក្តីស្រឡាញ់ ១៤កុម្ភៈ ឬValentine’s Day ដោយអ្នកខ្លះថែមទាំងបានប្រព្រឹត្តិទង្វើខុសឆ្គងប្រពៃណីខ្មែរ ដោយសំអាងទៅលើបុណ្យនៃក្ដីស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែលគួរតែត្រូវធ្វើ សម្រាប់យុវវ័យ ក៏ដូចជាមនុស្សទូទៅ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះ លោកអ្នកគួរតែបង្ហាញ ក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក រវាងកូន និងឪពុកម្ដាយ រវាងបងប្អូន រវាងគូសង្សារ រវាងមិត្តភក្តិ រវាងមិត្តរួមការងារ និងរវាងជាតិសាសនា ដោយក្នុងអត្ថន័យនៃក្ដីស្រឡាញ់ដ៏បរិសុទ្ធ ចំពោះគ្នានិងគ្នា ខណៈក្ដីស្រឡាញ់ ពុំមានតែមួយថ្ងៃនេះទេ។
ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវដល់ពលរដ្ឋគ្រប់រូប ជាពិសេសយុវវ័យ សូមកុំយល់ខុសពីអត្ថន័យ “ទិវានៃក្តីស្រឡាញ់ ថ្ងៃទី ១៤ កុម្ភៈ” ដើម្បីប្រព្រឹត្តសកម្មភាពពុំគប្បីដែលប្រាសចាកពីសីលធម៌ វប្បធម៌ និងប្រពៃណីសង្គមខ្មែរ។ក្រសួងកិច្ចការនារី អំពាវនាវឲ្យជាប្រជាពលរដ្ឋ ពិសេសយុវវ័យ «កុំយល់ខុសពីអត្ថន័យទិវានៃក្តីស្រឡាញ់» ប្រព្រឹត្តអំពើពុំគប្បីប្រាសចាកសីលធម៌ និងទំនៀមទម្លាប់សង្គមខ្មែរ។ នៅថ្ងៃនៃទិវានៃក្តីស្រឡាញ់ ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសយុវវ័យសូមកុំយល់ពីអត្ថន័យទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឬប្រើប្រាស់ថ្ងៃនេះ ដើម្បីប្រព្រឹត្តសកម្មភាព ពុំគប្បីដែលប្រាសចាកពីសីលធម៌ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់សង្គមខ្មែរ។
ក្រសួងកិច្ចការនារី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យ មេត្តាចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់កម្ពុជា និងសូមកុំប្រព្រឹត្តអ្វីដែលអាចធ្វើឲ្យយើងខ្លួនឯង សោកស្តាយអស់មួយជីវិត។
ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវ ដោយបានបង្ហាញនូវសេចក្តីព្រួយបារម្ភ ដែលទិវានេះបាននិងកំពុងជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយចំនួនបានទទួលយកនិងប្រើប្រាស់ដោយភាពភ័ន្តច្រឡំ នាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។
Valentine’s Day ឬ ទិវាបុណ្យនៃសេចក្តីស្រឡាញ់ ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ។ ជារៀងរាល់ឆ្នាំមនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក។
Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជនស្ទើរតែទូទាំងពិភពលោក ក៏តែងប្រារព្ធដូចគ្នា។ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ក៏មានយុវវ័យជាច្រើន កំពុងតែយល់ច្រឡំថា ថ្ងៃ Valentine’s Day គឺជាថ្ងៃដែលត្រូវលះបង់ខ្លួនប្រាណ ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។
ដូច្នេះយើងចង់ដឹងថា ថ្ងៃដ៏វិសេសនេះ មានប្រវត្តិយ៉ាងណា ឬ Valentine’s Day កើតចេញពីណា សូមស្វែងយល់ទាំងអស់គ្នា៖
Valentine’s Day ឬទិវានៃក្តីស្រឡាញ់ ត្រូវបានគេនិយាយថា មានប្រភពចេញពីលោក Saint Valentine ដែលជាបុរសម្នាក់ហ៊ានបង្ហាញ ក្តីស្រឡាញ់ចំពោះគូស្នេហ៍ រហូតលោកត្រូវគេយកទៅសម្លាប់។
ព្រះវិហារកាតូលិក ទទួលស្គាល់ Valentine ឬ Valentinus ជាអ្នកដែលបូជាជីវិត ដើម្បីសាសនា។ រឿងរ៉ាវមួយលើកឡើងថា Valentine ជាបព្វជិតដែលបម្រើសាសនានៅសតវត្សទី៣ សម័យរ៉ូម។ នៅពេលដែលព្រះចៅចក្រពត្តិ Claudius II សម្រេចថា បុរសនៅលីវទាំងអស់ អាចធ្វើជាទាហាន ល្អជាងបុរសដែលមានប្រពន្ធនោះ លោកក៏បានដាក់ពិធីរៀបការទាំងឡាយ ឲ្យនៅក្រៅច្បាប់សម្រាប់យុវវ័យទាំងអស់។ Valentine គិតថា វាអយុត្តិធម៌ណាស់ ហើយក៏ប្រឆាំងនឹងច្បាប់នេះ និងបន្តធ្វើការរៀបការឲ្យគូសេ្នហ៍ក្មេងៗជាសម្ងាត់។ នៅពេលសកម្មភាព របស់លោកត្រូវបានគេដឹង ព្រះចៅ Claudius ក៏បានបញ្ជាឲ្យសេនា ចាប់លោកដាក់គុកអស់មួយជីវិត តែប្រភពខ្លះលើកឡើងថា Valentine ត្រូវបានគេសម្លាប់។
ប្រភពខ្លះទៀត ឲ្យដឹងថា Valentine ជាប់គុក បន្ទាប់ពីពាក់ព័ន្ធដោយ «ក្ដីស្រឡាញ់» ផ្ទាល់ខ្លួន បន្ទាប់ពីលោកបាក់ចិត្តស្រឡាញ់ នារីវ័យក្មេងម្នាក់ ដែលជាកូនស្រីឆ្មាំគុកមួយរូប ដែលបានទៅសួរសុខទុក្ខលោក នៅពេលជាប់ក្នុងពន្ធនាគារ។ មុនពេលស្លាប់ គេបានចោទថា លោកសរសេរលិខិតមួយផ្ញើទៅនាងថា «ពីបង Valentine របស់អូន» ជាភស្តុតាងបង្ហាញមួយដែលមនុស្សជាច្រើន យកទៅប្រើមកដល់សព្វថ្ងៃនេះ។ ទោះបីការពិតនៅពីក្រោយរឿងរ៉ាវ របស់ Valentine មានភាពស្រពេចស្រពិលក្តី ប៉ុន្តែសុទ្ធតែបានបញ្ជាក់ថា លោកជាវីរបុរស ដែលមានមនោសញ្ចេតនាស្នេហា ដ៏ជ្រាលជ្រៅបំផុត និងដោយសារកេរ្តិ៍ឈ្មោះនេះហើយ ទើប Valentine ក្លាយជាបុគ្គលមួយរូប ដ៏មានប្រជាប្រិយនៅប្រទេសបារាំង និងអង់គ្លេស។
កាលដែលទិវានៃក្ដីស្រឡាញ់ ប្រារព្ធក្នុងខែកុម្ភៈ អ្នកខ្លះជឿថា ដើម្បីរំឭកខួបនៃមរណភាពភាព របស់ Valentine ក្នុងបំណងធ្វើឲ្យការប្រារព្ធ ពិធីសាសនា Lupercalia ក្លាយជាគ្រិស្តសាសនាផងដែរ។
ទន្ទឹមនឹងនេះដែរ មនុស្សជាច្រើនប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជាមួយអ្នកជាទីស្រឡាញ់ អាចជាក្រុមគ្រួសារ គូស្នេហ៍ ឬមិត្តភក្តិ ព្រមទាំងជូនវត្ថុផ្សេងៗ តំណាងទឹកចិត្តរបស់ខ្លួន ចំពោះពួកគេ ដូចជា ការជូនពរ វត្ថុអំណោយបាច់ផ្កា ដែលមានលក្ខណៈជារូបរាង បេះដូង ឬនាំទៅបរិភោគអាហារ នៅទីកន្លែងណាមួយដ៏រ៉ូមែនទិក។
ទោះបីយ៉ាងណា Valentine’s Day មិនមែនជាពិធីបុណ្យផ្លូវការរបស់រដ្ឋទេ ប៉ុន្តែជាទម្លាប់មិនថា តែប្រជាជននៅប៉ែកអឺរ៉ុបទេ ទូទាំងអាស៊ី និងមនុស្សនៅជុំវិញពិភពលោក តែងប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ ហើយវាក៏អាចជាថ្ងៃដ៏វិសេសសម្រាប់គូស្នេហ៍ ជ្រើសយកធ្វើជាថ្ងៃរៀបការទៀតផង៕ ដោយ ៖ បញ្ញាស័ក្តិ