គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាចំនួន ១៣គូទូទាំងប្រទេសជប៉ុន បានធ្វើរៀបចំប្តឹងរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើការទាមទារសិទ្ធិរៀបការ។
ពួកគេប្តឹងរដ្ឋាភិបាលដោយសារបាត់បង់ផលប្រយោជន៍ ដោយពួកគេបញ្ជាក់ថា ការហាមប្រាមមិនឲ្យពួកគេរៀបការនឹងគ្នាគឺជាការរំលោភសិទ្ធិពួកគេដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
សូមបញ្ជាក់ថា ជប៉ុនគឺជាប្រទេសតែមួយគត់នៅក្នុងចំណោមប្រទេស G7 (ប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ខ្លាំង) ដែលមិនអនុញ្ញាតិឲ្យមានការរៀបការដល់អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែបើតាមការស្ទង់មតិ មានការគាំទ្រយ៉ាងខ្លាំងចំពោះការៀបការនោះ។
ចំណែករដ្ឋធម្មនុញ្ញប្រទេសនេះវិញបញ្ជាក់ថា ការរៀបការអាចកើតឡើងក្នុងករណីមានការព្រមព្រៀងពីភាគីទាំងពីរ ហើយអាជ្ញាធរជប៉ុនរហូតមកដល់បច្ចុប្បន្នមិនអនុញ្ញាតិឲ្យមានការរៀបការភេទដូចគ្នាទេ។
ប៉ុន្តែមេធាវីរបស់ដើមបណ្តឹងទាំងអស់ បានបកស្រាយត្រឡប់វិញថា ពាក្យពេចន៍នៅក្នុងរដ្ឋធម្មនុញ្ញគឺចង់ការពារការៀបការដោយបង្ខំ ដោយមិនមានការហាមប្រាមពីការរៀបការភេទដូចគ្នានោះទេ។
ពួកគេបញ្ជាក់ថា ការបដិសេធមិនឲ្យមានការរៀបការភេទដូចគ្នាគឺជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញ ដែលប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិស្មើគ្នាក្រោមច្បាប់៕ សុភ័ក្ត្រ
ប្រភព៖ BBC