សៀមរាប ៖ អភិបាលរងខេត្តសៀមរាប បានស្នើឲ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជួយទប់ស្កាត់លើបញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ ពិសេសថ្ងៃ១៤ កុម្ភៈ ដែលជារៀងរាល់ឆ្នាំ យុវជន ហើយភាគច្រើនជាសិស្សានុសិស្សមានការភ្លើតភ្លើន យកថ្ងៃ១៤ កុម្ភៈ ថាជាថ្ងៃបុណ្យសង្សារ ដែលធ្វើឲ្យប៉ះពាល់ដល់ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។
លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ ខ ប ជ) បានថ្លែងបែបនេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គពង្រឹងសមត្ថភាពក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា និងផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព នៅវិទ្យាល័យសម្តេចឪ ក្រុងខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប២២២នាក់ ស្រី១២១នាក់ ។
បើតាមរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយក្រុមការងារបង្ការទប់ស្កាត់ (មន្ទីរអប់រំយុវជននិងកីឡាខេត្ត) ដោយមានការចូលរួមសហការ សម្របសម្រួលពីប្រធានក្រុមការងារ កិច្ចការទេសន្តរប្រវេសន៍ (មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត)។
ថ្លែងនៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយនេះផងដែរ លោកស្រី ក៏បានជំរុញឲ្យ លោកគ្រូ អ្នកគ្រូ គ្រប់សាលាទាំងអស់ ធ្វើការបញ្ជ្រាបផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ឲ្យបានគ្រប់ថ្នាក់ និងជាប្រចាំ អំពីអំពើជួញដូរមនុស្ស អំពីល្បិចកលជនខិលខូច អំពីផលវិបាក នៃការធ្វើចំណាកស្រុកខុសច្បាប់ និងរូបភាព នៃការជួញដូរមនុស្សគ្រប់ទម្រង់។ បន្ថែមពីនេះ លោកស្រីអភិបាលរងខេត្ត បានស្នើឲ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជួយទប់ស្កាត់លើបញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ ពិសេសថ្ងៃ១៤ កុម្ភៈ ដែលជារៀងរាល់ឆ្នាំ យុវជន ហើយភាគច្រើនជាសិស្សានុសិស្សមានការភ្លើតភ្លើន យកថ្ងៃ១៤ កុម្ភៈ ថាជាថ្ងៃបុណ្យសង្សារ ដែលធ្វើឲ្យប៉ះពាល់ដល់ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។
លោកស្រី បានបន្ថែមថា “សូមធ្វើយ៉ាងណា យើងត្រូវប្រែក្លាយថ្ងៃ១៤ កុម្ភៈ ជាថ្ងៃទិវានៃសេចក្តីស្រឡាញ់វិញ ដែលយើងគ្រប់គ្នាមានចំពោះ ឪពុកម្តាយ អាណាព្យាបាល លោក លោកគ្រូ អ្នកគ្រូ មិត្តភក្តិ ដែលបង្ហាញអំពីការគោរព ស្រឡាញ់ ក្នុងសេចក្តីថ្លៃថ្នូរ និងលើកម្ពស់តម្លៃនិងសីលធម៌សង្គមខ្មែរ”៕ ដោយ ៖ កូឡាប