ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្ប៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តជួបពិភាក្សាការងារជាមួយ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព។
លោក Prawit Wongsuwon បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីជំនួបកន្លងមកថ្មីៗរវាង លោកផ្ទាល់ជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលផ្តោតលើបញ្ហាព្រំដែន សន្តិសុខ រួមទាំងបញ្ហាមួយចំនួនទៀតដែលមានការពិភាក្សាដោយរលូន។ ទាំងបញ្ហាសន្តិសុខ និងការព្រួយបារម្ភផ្សេងៗទៀតនៅតាមព្រំដែនគឺពុំមានបញ្ហាអ្វីចោទ។
ស្របពេលជាមួយគ្នានេះដែរ លោកលោក Prawit Wongsuwon ក៏បានអញ្ជើញទៅទស្សនា វិមានឈ្នះ-ឈ្នះ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះដំណើរបេសកកម្មជាប្រវត្តិសាស្ត្ររំដោះជាតិរបស់ សម្ដេចតេជោ ដែលនៅពេលនោះ គឺចាប់ផ្ដើមពីមនុស្សតែ៥នាក់ប៉ុណ្ណោះ រហូតទទួលបានជោគជ័យសម្រាប់ប្រទេសជាតិទាំងមូល។ ហើយលោកក៏បានស្វែងយល់បន្ថែមផងដែរ តារយៈចម្លាក់ និងពិព័រណ៍ អំពីដំណើររឿងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការស្វែងរកសន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ ១៩៩៨ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក Prawit Wongsuwon ដែលបានមកកម្ពុជា បានឃើញពីការរីកចម្រើន របស់ប្រទេស ហើយបានទៅទស្សនាវិមានឈ្នះ-ឈ្នះ ដែលទីនោះ គឺជាកន្លែងតម្កល់នូវឯកសារប្រវត្តិ នៃដំណាក់កាលនីមួយៗ នៅក្នុងដំណើរការរំដោះប្រទេសកម្ពុជា ពីរបបខ្មែរក្រហម។ ពិព័ណ៌ និងរូបចម្លាក់នៅតាមជញ្ជាំងវិមាន គឺបានបង្ហាញនូវតួអង្គសំខាន់ៗនានា ដែលបានចូលរួមចំណែក នៅក្នុងដំណើរការរំដោះប្រទេស និងកសាងសន្តិភាពសម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគាំទ្រ ចំពោះកិច្ចពិភាក្សាកន្លងមកថ្មីៗ រវាងគណៈកម្មការនៃប្រទេសទាំងពីរ ដែលមានរូប លោក Prawit តំណាងឲ្យភាគីប្រទេសថៃ ជាមួយនឹង សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលតំណាងឲ្យភាគីកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា គណៈកម្មការនៃប្រទេសទាំងពីរនេះ មានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឲ្យមានសុខសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន ដែលជាកត្តាដ៏សំខាន់បំផុត សម្រាប់បម្រើឲ្យពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ ឲ្យកាន់តែល្អជិតស្និទ្ធថែមទៀត៕ ដោយ ៖ កូឡាប