អំឡុងពេលធ្លាក់ភ្លៀងដំបូង ក្រោយភាពរាំងស្ងួតអស់កាល ៧ឆ្នាំ ពលរដ្ឋនៅ Queensland នាំគ្នាត្រេកអរ ចាត់ទុកថាជា “ភ្លៀងមាស” ។ ប៉ុន្តែតាម CNN ផ្សាយថ្ងៃទី ១៣ កុម្ភៈ នោះក្រោយការធ្លាក់ភ្លៀងអូសបន្លាយតែ ២-៣សប្តាហ៍ វាបានក្លាយទៅជា “ភ្លៀងមច្ចុរាជ” ព្រោះតែកម្រិតទឹកភ្លៀង (២.០០០មម) ប៉ុន្មានសប្តាហ៍នេះស្មើនឹងភ្លៀង…១ឆ្នាំឯណោះ ។
ទឹកភ្លៀងហូរនៅបន្សល់ដីល្បាប់ក្រាលដោយខ្មោចសត្វ ។
រដ្ឋការ Queensland ឲ្យដឹងថាមានសត្វប្រមាណ ៥០០.០០០ក្បាល ដែលមានតម្លៃយ៉ាងតិច ២៣០លានដុល្លារ ត្រូវភ្លៀង “កម្រ” នេះបំផ្លាញ ។ ប៉ុន្តែតាម Financial Review នោះការខាតបង់មានដលទៅ ៥០០លានដុល្លារអូស្ត្រាលី ។
ផលវិបាកនៅវែងឆ្ងាយទៀត ព្រោះថាសត្វចិញ្ចឹមទាំងនោះវាបានទម្លាប់នឹងធាតុអាកាសគ្មានភ្លៀង៧ឆ្នាំមកហើយ ហេតុនេះកម្រិតនៃមហន្តរាយនៃស្ថានការធ្ងន់ធ្ងរជាងនេះច្រើន ។ ព្រោះថាវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅអូស្ត្រាលី ជាវិស័យនាំមកនូវចំណូលពាន់លានដុល្លារ ហើយតំបន់ Queensland គឺជា “សំបុក” ផ្តល់ពូជសត្វចិញ្ចឹមពាក់កណ្តាលនៃសត្វចិញ្ចឹម ២៥០លានក្បាលនៅអូស្ត្រាលី ។
ពិសេសការវាយប្រហារនៃភ្លៀងមច្ចុរាជនេះ បានធ្វើឲ្យកសិករក្លាយជាកូនបំណុល ដែលបាត់អស់លទ្ធភាពសងប្រាក់ ។ ព្រោះថាអំឡុងប៉ុន្មានមុនគេបានខ្ចីបុលលុយយកមករៀបចំសង្គ្រោះសត្វឲ្យផុតពូជពីភាពរាំងស្ងួត ក្តៅហែងដល់ពេលគឺ…អ្វីៗអស់រលីង ។
ពេលនេះកងទ័ពកំពុងបើកឧទ្ធម្ភាចក្រទម្លាក់ចំបើងពីលើចុះមកដើម្បីសង្គ្រោះហ្វូងសត្វនៅសេសសល់តាមទីទួលសុវត្ថិភាព ។
មកទល់ពេលនេះខាតបង់អស់ដល់ ១ពាន់លានដុល្លារអូស្ត្រាលីហើយ ។ ទាំងនេះគឺជាលទ្ធផលនៃការបំផ្លាញបរិស្ថានរបស់មនុស្ស ។ កន្លែងខ្លះរងបាតុភូត El-nino , ខ្លះទៀតគឺ El-nina (រាំងស្ងួត -ទឹកជំនន់) ៕ ចន្ទ្រា