ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ និងពន្យល់ណែនាំអំពីការជ្រើសរើសពូជស្រូវ និងការចងក្រងជាសហគមន៍ទំនើប ដល់ប្រជាកសិកររស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងលោកអភិបាលស្រុកមោងឫស្សី និងអាជ្ញាធរឃុំជាច្រើនរូបទៀត។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា៖ ដើម្បីឱ្យទិន្នផលស្រូវទទួលបានផលខ្ពស់ ប្រជាកសិករធ្វើម៉េចកាត់បន្ថយថ្លៃដើម ថ្លៃជី ថ្លៃថ្នាំ ដោយយកការជ្រើសរើសពូជស្រូវ ការប្រើប្រាស់ជី ថ្នាំ យកគិតចុងក្រោយបានជារូបមន្តធ្វើស្រែមួយ និងរៀបចំជួយធ្វើជាសហគមន៍ ហើយបើបងប្អូនយល់ថាធ្វើស្រែខ្លួនឯងធ្វើបានផលល្អ ចំណេញច្រើន ចង់ធ្វើខ្លួនឯងបន្តទៀតក៏ធ្វើទៅ ដោយក្រសួងព្យាយាមជួយបច្ចេកទេស ព្យាយាមជួយតម្លៃ ដែលជាការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដោយពិនិត្យមើលរោងម៉ាស៊ីនណាដែលនៅជិតមានលទ្ធភាពទទួលទិញបាន ហើយធ្វើការទាក់ទងរោងម៉ាស៊ីននោះ ធ្វើយ៉ាងណាឱ្យថ្លៃដើមទាបមានរូបមន្តធ្វើល្អ ប៉ុន្តែត្រូវចូលគ្នាជាសហគមន៍ទំនើប ក្នុងនោះដែរក្រសួងនឹងរៀបចំផ្តល់លុយកម្ចីជូនដោយអត្រាការប្រាក់ទាប ដើម្បីយកមកធ្វើស្រែទំហំធំឱ្យចំណាយអស់តិច ពេលលក់ស្រូវទៅវិញ ស្រូវហ្នឹងមានអ្នកទិញ ហើយក្នុងសហគមន៍បើធ្វើស្រូវអ្វីបានល្អយើងធ្វើនិងគិតជាមួយគ្នា ដោយធ្វើការជ្រើសរើសពូជស្រូវ ឱ្យត្រូវនឹងទីផ្សារ ក្នុងការទទួលបាននូវប្រាក់ចំណេញកសាងសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើងថែមទៀត ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិមានឱ្យការរីកចម្រើនជឿនលឿនថែមទៀត។
ក្នុងនោះដែរ ឯកឧត្តមបានប្រសាសន៍ណែនាំដល់ប្រជាកសិករ ដែលរស់នៅឃុំព្រៃតូចទាំងអស់ បន្ទាប់ពីធ្វើការប្រមូលផលស្រូវរួចហើយ សូមបងប្អូនធ្វើការចិញ្ចឹមសត្វដាំដំណាំរួមផ្សំបន្ថែម ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងឱ្យមានជីវភាពធូធាមួយកំរិតថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី