ខេត្តពោធិ៍សាត់ ៖ តៃកុងរថយន្តដឹកស៊ីម៉ងត៏ម្នាក់ បានស្លាប់ភ្លាមៗ ខណៈពេលរថយន្តចុះចំណោតច្រាលលេខ ជាន់ហ្វ្រាំងមិនជាប់ ក្រឡាប់គៀបបុរសជាតៃកុង នៅក្នុងរថយន្ត ឧបទ្ទវហេតុ នេះកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទីនាថ្ងៃទី ១៤ កុម្ភៈ ២០១៩ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ១៥១ ស្ថិតនៅលើផ្លូវជាតិលេខ៥៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន ពីបងប្រុសឈ្មោះ គឹម សុខ ត្រូវជាឪពុកជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់នឹងកូនប្រុស បានបើករថយន្តចេញទៅដឹកសម្ភារៈសំណង់ឲ្យគេ ដោយធ្វើដំណើរដូចសព្វដងជាមួយកូនប្រុសដែលជាតៃកុងរថយន្ត លុះមកដល់ផ្លូវមានកំពស់ខ្ពស់ រថយន្តក៍ចុះចំណោតវិញ ស្រាប់តែច្រាលលេខ កូនប្រុសរបស់គាត់ក៏បានជាន់ហ្វ្រាំងទប់ ប៉ុន្តែរថយន្តនៅតែបន្ថែមល្បឿន ហើយមកដល់ចំណុចកើតហេតុ មានផ្លូវបត់កោងផងនោះ ក៏បណ្តាលឲ្យរថយន្តក្រឡាប់ គៀបរូបគាត់និងកូនក្នុងរថយន្ត ជាអកុសល្យ កូនរបស់លោក គឹម សុខ ដែលជាអ្នកបើកបរ ត្រូវរថយន្តក្រឡាប់គៀបជាប់នឹងរថយន្តបណ្តាលឲ្យស្លាប់ ចំណែករូបគាត់រងរបួសស្រាល អាចលូនចេញពីរថយន្តរួច។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ទីឈ្មោះ គឹម អៀង ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបរ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ទី២ឈ្មោះ គឹម សុខ ភេទប្រុស អាយុ៤៩ឆ្នាំ ជាព្រូឡាន ត្រូវជាឪពុកបង្កើត រងរបួសស្រាល អ្នកទាំងពីរនាក់ មានទីលំនៅក្នុងភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកអធិការ បានបន្តទៀតថា កត្តាដែលបង្កឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍នេះកើតឡើង គឺបណ្តាលមកពី រថយន្តចុះចំណោត ច្រាលលេខ ហ្វ្រាំងទប់មិនជាប់ និងស្ថានភាពផ្លូវបត់បែនផងនោះទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។
បច្ចុប្បន្នវត្ថុតាងរថយន្តម៉ាកហ៊ីដាយ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3083 សមត្ថកិច្ចបានយករថយន្តស្ទូច មកស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនឪពុក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ បញ្ញាស័ក្តិ