ថ្មីៗនេះ មហាជនពិតជាភ្ញាក់ផ្អើល និងសម្តែងក្តៅតក់ស្លុតយ៉ាងខ្លាំង ក្រោយពីបានទទួលដំណឹងដ៏មិននឹកស្មានថា នាដការីរបាំព្រះរាជទ្រព្យ កញ្ញា សាលី ស្រីមាស បាននិងកំពុងធ្លាក់ខ្លួនឈឺ ជាមួយជំងឺកាចសាហាវខូចក្រលៀនធ្ងន់ធ្ងរ ខណៈកំពុងព្យាបាលបញ្ចូល និងលាងឈាមរៀងរាល់សប្តាហ៍ ដើម្បីបន្តជីវិតទៅមុខទៀត។
ជាមួយគ្នានេះផងដែរ មិនត្រឹមតែក្រុមគ្រួសាររបស់នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ប៉ុណ្ណោះទេ ដែលសុំមហាជនឱ្យជួយ គឺសូម្បីតែមិត្តភក្តិក្នុងអាជីពរួមគ្នាក៏បានស៊ែរ និងសុំឱ្យសប្បុរជន សិល្បករសិល្បការិនី មេត្តាផ្តល់ជំនួយជាថវិកាតិចក្តី ច្រើនក្តី សូមជួយដល់រូបនាងផង បន្ទាប់ពីក្រុមគ្រួសារអស់លទ្ធភាព សម្រាប់ការចំណាយថ្លៃព្យាបាល និងកំពុងដាក់លក់ផ្ទះបន្ទាន់ ខណៈគ្រូពេទ្យបានណែនាំឱ្យរកថវិការសម្រាប់លាងឈាម និងផ្លាស់ប្តូរក្រលៀនឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីសង្រ្គោះជីវិតនាង។
ពិតជាគួរឲ្យអាសូរណាស់ ស្ថិតក្នុងស្ថានភាពរូបកាយប្រែប្រួល សាច់ឈាមស្លេកស្លាំងខ្លាំងទៅហើយ នាដការីរបាំព្រះរាជទ្រព្យវ័យ ២៤ ឆ្នាំ រូបនេះ ដែលមានស្នាដៃជាច្រើនជូនជាតិ បានលើកដៃសំពះទាំងទឹកភ្នែកហូរនៅលើគ្រែពេទ្យ សុំបងប្អូនសប្បុរសជន ជួយសង្គ្រោះជីវិតនាងផង ព្រោះពេលនេះ គ្រួសាររបស់នាងអស់លទ្ធភាពហើយ។ ហើយជាមួយគ្នានេះផងដែរ មិត្តភក្តិជិតស្និតរបស់នាង ដែលបានមកជួយថែ ក៏បានលើកដៃសំពះសុំថ្នាក់ដឹកនាំ ព្រមទាំងសិល្បករ សូមមេត្តាជួយដល់រូបនាងផង។
គួរបញ្ជាក់ឲ្យដឹងផងដែរថា កញ្ញា សាលី ស្រីមាស គឺជាតួឯកដ៏សំខាន់ នៅក្នុងរបាំព្រះរាជទ្រព្យ ។ នាងបានចេញសម្តែងបង្ហាញស្នាដៃ នៅក្រៅប្រទេសច្រើនរួមមាន៖ ចិន ថៃ កូរ៉េ និងម៉ិចស៊ីកូ ជាដើម។ បើតាមមិត្តភក្តិ បានប្រាប់ឲ្យដឹងថា កញ្ញា សាលី ស្រីមាស បានចាប់ផ្តើមធ្លាក់ខ្លួនឈឺ នៅពេលទៅដល់ប្រទេសម៉ិចស៊ីកូ ប៉ុន្តែ នៅទីនោះ ពុំទាន់ដឹងថាកើតមានជំងឺក្រលៀននេះទេ រហូតត្រឡប់មកស្រុកខ្មែរវិញ ទើបគ្រូពេទ្យពិនិត្យដឹងថា កើតជំងឺនេះតែម្តង៕







